BREAKING: នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Giuseppe Conte ដាក់ពាក្យលាលែងចេញពីតំណែង (Video inside)
26-01-2021 20:26
(រ៉ូម)៖ នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Giuseppe Conte នៅថ្ងៃអង្គារនេះ បានសម្រេចចិត្តដាក់ការលាលែងពីមុខតំណែង ជូនទៅប្រធានាធិបតី លោក Sergio Mattarella ដើម្បីទៅបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលមានការគាំទ្រកាន់តែទូលំទូលាយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១។
តាមរយៈសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ ចេញពីវិមានប្រធានាធិបតី បានឲ្យដឹងថាប្រធានាធិបតីអ៊ីតាលី លោក Mattarella បានទទួលពាក្យសុំលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្រ្តី Conte នៅព្រឹកនេះ»។
សេចក្តីថ្លែងការណ៍ដដែលនេះបានបន្ថែមថា «លោកប្រធានាធិបតី បានរក្សាសិទ្ធិក្នុងការសម្រេចចិត្តមួយនេះ ហើយបានអំពាវនាវឲ្យរដ្ឋាភិបាលនៅរក្សាតំណែង មួួយរយៈពេល ដើម្បីចាត់ចែងការងារប្រចាំថ្ងៃ មុននឹងរដ្ឋាភិបាលថ្មីត្រូវបានបង្កើត»។
ទន្ទឹមនឹងនោះ សេចក្តីថ្លែងការបានសង្កត់ធ្ងន់ថា លោក Mattarella ដែលជាប្រធានាធិបតីអ៊ីតាលី នឹងពិគ្រោះយោបល់ជាមួយមេដឹកនាំគណៈបក្សនយោបាយនានារបស់អ៊ីតាលី នៅថ្ងៃទី២៧ ខែមករា ជុំការបង្កើតរដ្ឋាភិបាលថ្មី។ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងរបស់លោក បរាជ័យ ដោយគ្មានការបង្កើតរដ្ឋាភិបាលចម្រុះថ្មីទេ នោះការបោះឆ្នោត នឹងត្រូវធ្វើឡើងមុនកាលកំណត់។
គួរបញ្ជាក់ថា ការបោះឆ្នោតសកលចុងក្រោយ របស់ប្រទេសអ៊ីតាលីត្រូវបានធ្វើឡើងកាលខែមីនា ឆ្នាំ២០១៨ កន្លងទៅ៕