(បាងកក)៖ នៅថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១នេះ ប្រទេសថៃបានប្រកាសរកឃើញអ្នកឆ្លងជំងឺ COVID-19 រហូតដល់ទៅ ៩៥៩នាក់ ដែលនេះជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុត មិនធ្លាប់មាននោះឡើយ នៅក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
តួលេខឆ្លង COVID-19 ប្រចាំថ្ងៃដ៏អាក្រក់បំផុត ដែលថៃធ្លាប់បានរាយការណ៍កន្លងមកនេះ គឺកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ដែលមានចំនួន ៧៤៥នាក់។ គិតត្រឹមថ្ងៃអង្គារនេះ ថៃមានករណីឆ្លងសរុប ១៤,៦៤៦ករណី ក្នុងនោះមានអ្នកស្លាប់ ៧៥នាក់ និងជាសះស្បើយវិញ ១០,៨៩២នាក់។
គួរបញ្ជាក់ថា ក្នុងចំណោមករណីឆ្លង COVID-19 ទាំង ៩៥៩នាក់ខាងលើនេះ ៩១៤នាក់ជាករណីឆ្លងក្នុងស្រុក និង ២២នាក់ទៀតជាករណីនាំចូល។ អាជ្ញាធរថៃបានអះអាងទៀតថា ករណីឆ្លងក្នុងស្រុកភាគច្រើនបំផុត ត្រូវបានរកឃើញនៅក្នុងខេត្ត សាមុតសាខន ស្ថិតនៅភាគនិរតីនៃទីក្រុងបាងកក៕