(ហ្សាការតា)៖ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានកើនលើស ១លាននាក់ហើយនៅថ្ងៃអង្គារនេះ ខណៈប្រទេសអាស៊ីគ្នេយ៍មួយនេះ កំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំង ទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១។
បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញ អ្នកឆ្លង COVID-19 ចំនួន ១៣,០៩៤នាក់ ត្រូវបានរាយការណ៍ ដែលនេះបានធ្វើឱ្យចំនួនករណីឆ្លងសរុបកើនដល់ ១,០១២,៣៥០ករណី។ ចំណែកឯ អ្នកស្លាប់ថ្មី ៣៣៦នាក់ ក៏ត្រូវបានប្រកាសផងដែរ នាំឱ្យអ្នកស្លាប់សរុបកើនដល់ ២៨,៤៦៨នាក់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ បានកើនឡើងដល់ ៨២០,៣៥៦នាក់។
គួរបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរឥណ្ឌូណេស៊ី កំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាជននៅទូទាំងប្រទេស ទៅតាមដំណាក់កាល ជាមួយវ៉ាក់សាំងដែលបញ្ជាទិញពីក្រុមហ៊ុនចិន Sinovac ដោយប្រទេសធំជាងគេនៅអាស៊ានមួយនេះរំពឹងថា អាចនឹងគ្រប់គ្រងការឆ្លងរាតត្បាត COVID-19៕