(ព្រុចសែល)៖ សហភាពអឺរ៉ុបបានប្រកាសថា ចាប់ពីពេលនេះតទៅខ្លួនលែងទទួលស្គាល់ មេបក្សប្រឆាំងលោក ហ្វ័ន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតីស្ដីទី របស់ប្រទេសវេណេស៊ុយអេឡាទៀតហើយ ដោយគ្រាន់តែចាត់ទុករូបលោក «ជាដៃគូសន្ទនា» ម្នាក់ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១។

សហភាពអឺរ៉ុបដែលមានប្រទេសអឺរ៉ុបជាសមាជិកចំនួន ២៧ ធ្លាប់បានបង្ហើបម្ដងរួចមកហើយ កាលពីថ្ងៃទី០៦ ខែមករាកន្លងទៅនេះថា ពួកគេអាចនឹងលែងទទួលស្គាល់លោក Guaido ជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទី បន្ទាប់ពីលោកបានបាត់បង់តំណែងជាប្រធានសភា ក្នុងការបោះឆ្នោតសភាកាលពីខែធ្នូ ឆ្នាំ២០២០ បើទោះជាសហភាពអឺរ៉ុប មិនបានទទួលស្គាល់ការបោះឆ្នោតនេះក៏ដោយ។ តែយ៉ាងណា លោក Guaido នៅតែទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដដែល។

គួរបញ្ជាក់ថា ក្រោយបដិសេធមិនទទួលស្គាល់ជ័យជម្នះរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៨ លោក Guaido ដែលកាលណោះជាប្រធានសភា បានប្រកាសតែងតាំងខ្លួនឯង ជាប្រធានាធិបតីស្ដីទីរបស់វេណេស៊ុយអេឡា។ តំណែងជាប្រធានាធិបតីស្ដីទីនេះ បានអនុញ្ញាតឱ្យលោក Guaido អាចចូលទៅគ្រប់មូលនិធិ ដែលរដ្ឋាភិបាលលោកខាងលិច រឹបអូសពីរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ។ លោក Guaido គឺជាបុគ្គលដែលអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ធ្លាប់បានគាំទ្រយ៉ាងពេញទំហឹង៕