(តៃប៉ិ)៖ នៅថ្ងៃអង្គារនេះយោធាកោះតៃវ៉ាន់ បានធ្វើសមយុទ្ធកងយន្តហោះចម្បាំងរបស់ខ្លួន បន្ទាប់ពីចិនបានចល័តយន្តហោះយោធាជាង ១០គ្រឿង ដោយក្នុងនោះរួមមានយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកផងដែរ ចូលទៅតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ កាលពីចុងសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១។
អំឡុងការធ្វើសមយុទ្ធខាងលើនេះ ក្រុមអាកាសយានិក និងក្រុមអ្នកបច្ចេកទេសរបស់ទ័ពអាកាសតៃវ៉ាន់ បានហាត់សមពីការរៀបចំយន្តហោះចម្បាំងខ្លួន ដើម្បីឲ្យហោះឡើងចេញផុតពីផ្ទៃដី ក្នុងរយៈពេលត្រឹមតែ ៥នាទី ក្រោយមានការប្រកាសអាសន្ន ព្រមទាំងការបំពាក់នូវមីស៉ីល សាយវីនដឺ (Sidewinder) ដែលផលិតដោយអាមេរិក និងមីស៉ីល វ៉ាន ឈាន (Wan Chien) ដែលផលិតដោយតៃវ៉ាន់ផ្ទាល់។
យោធាតៃវ៉ាន់បានឲ្យដឹងថា កងយន្តហោះចម្បាំងតៃវ៉ាន់ជាធម្មតា តែងតែធ្វើប្រតិបត្តិការដោយមានបំពាក់អាវុធ ដូចជាកាំភ្លើងយន្ត និងគ្រាប់មីស៉ីល នៅពេលឆ្លើយតបចំពោះសកម្មភាពរបស់យន្តហោះចម្បាំងចិន ហើយពួកគេមានសមត្ថភាព អាចចេញធ្វើការឆ្លើយតបបានគ្រប់ពេលវេលា។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងកន្លងទៅ ចិនបានចល័តយន្តហោះទម្លាក់គ្រាប់បែកធុន H-6K ចំនួន ០៨គ្រឿង និងយន្តហោះចម្បាំង J-16 ចំនួន ០៤គ្រឿងចូលទៅកាន់ជ្រុងភាគនិរតី នៃតំបន់ការពារដែនអាកាស ADIZ របស់កោះតៃវ៉ាន់៕