(នូវែលសេឡង់)៖ ចិន និងនូវែលសេឡង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ដែលនឹងធ្វើឱ្យកាន់តែល្អប្រសើរឡើង នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ រវាងប្រទេសទាំង២ ខណៈទីក្រុងប៉េកាំង កំពុងស្នើឱ្យមានការចូលរួមកាត់បន្ថយរបាំងពាណិជ្ជកម្មសកល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១។
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានទទួលស្គាល់ពីការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន នៅថ្ងៃអង្គារនេះ ដោយថែមទាំងសង្កតធ្ងន់ទៀតផងថា វាគឺជារឿងចាំបាច់ កំឡុងការឆ្លងរាតត្បាត COVID-19។ លោកស្រី Ardern បានគូសបញ្ជាក់ដូច្នេះថា៖ «ចិននៅតែជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់របស់យើង... ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ គឺជារឿងចាំបាច់មួយ កំឡុងសេដ្ឋកិច្ចពិភពលោក កំពុងរងការខូចខាតដោយសារ COVID-19»។
គួរបញ្ជាក់ថា បើតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីខាងលើ ពន្ធលើផលិតផលមួយចំនួនធំរបស់នូវែលសេឡង់ ចូលក្នុងប្រទេសចិន ក្នុងនោះរួមមាន ចំណីអាហារធ្វើពីទឹកដោះ គោ និងគ្រឿងសមុទ្រ ជាដើម នឹងត្រូវបានលុបចោល ឬក៏កាត់បន្ថយ។ ចិន បច្ចុប្បន្ន ជាដៃគូពាណិជ្ជកម្មដ៏ធំរបស់នូវែលសេឡង់ ដោយទំហំពាណិជ្ជកម្មទាំងនាំចេញ និងនាំចូលប្រចាំឆ្នាំ រវាងប្រទេស ទាំង២ គឺមានប្រហែល ២១.៥៨ ពាន់លានដុល្លារ៕