(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រអាមេរិក គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានបញ្ជូនពាក្យចោទប្រកាន់មួយសន្លឹកលើលោក ដូណាល់ ត្រាំ ទៅកាន់ព្រឹទ្ធសភាជាផ្លូវការហើយ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ពីបទញុះញង់ឱ្យក្រុមកុបករគាំទ្ររូបលោក វាយប្រហារលើវិមានសភា កាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ ដោយបណ្ដាលឱ្យមនុស្ស ០៥នាក់ស្លាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១។
សមាជិកសភាតំណាងរាស្ត្រ លោក ជែមី រ៉ាសគីន (Jamie Raskin) បានអានពាក្យចោទប្រកាន់លោក ដូណាល់ ត្រាំ នៅឯព្រឹទ្ធសភា ជាទីដែលអតីតប្រធានាធិបតីវ័យ ៧៤ឆ្នាំរូបនេះ នៅតែទទួលបានការគាំទ្រ ពីសមាជិកព្រឹទ្ធសភាសាធារណរដ្ឋភាគច្រើន។ សវនាការកាត់ទោសលោក ត្រាំ នៅក្នុងព្រឹទ្ធសភាត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅនៅសប្ដាហ៍ទី ២ ក្នុងខែកុម្ភៈ បន្ទាប់ពីសភាតំណាងរាស្ត្រ បានបោះឆ្នោតចោទប្ដឹងដកតំណែងលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៣ ខែមករា។
តាមរយៈការសម្រេចចិត្តខាងលើនេះ បានធ្វើឱ្យលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីដំបូងគេ ក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវគេចោទប្ដឹងជាលើកទី ២ ហើយមិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានបំបែកកំណត់ត្រាថ្មីមិនធ្លាប់មានផងដែរ នោះគឺក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងបំផុត ដែលប្រឈមមុខនឹងសវនាការ កាត់ទោសនៅក្នុងព្រឹទ្ធសភា។
គួរបញ្ជាក់ថា បច្ចុប្បន្នទាំងព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រង របស់គណបក្សប្រជាធិបតេយ្យ។ ប៉ុន្តែដើម្បីកាត់ទោសលោក ដូណាល់ ត្រាំ ព្រឹទ្ធសភាអាមេរិកត្រូវរកឱ្យបានសំឡេង ពីរភាគបី ឬមានន័យថា ទាល់តែសមាជិកព្រឹទ្ធសភាសាធារណរដ្ឋ ១៧នាក់ យល់ព្រមចូលរួមគណបក្សប្រជាធិបតេយ្យ។ ប្រសិនបើលោក ត្រាំ ត្រូវកាត់ទោសមែន នោះលោកក៏អាចនឹងត្រូវព្រឹទ្ធសភា ដកហូតសិទ្ធិឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសាជាថ្មី ដែលប្រការនេះមានន័យថា លោកមិនអាចចូលរួមក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤ នោះឡើយ៕