(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៥២,២៤៤នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ១,៨៩៧នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៥,៨៦១,៥៩៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៤៣១,៣៩២នាក់ និងជាសះស្បើយឡើងសរុប ១៥,៦១៧,៣៦០លាននាក់។

គួរបញ្ជាក់ថា លោក ចូ បៃដិន បានស្បថឡើងកាន់តំណែងជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ ខែមករា រួចហើយ។ ក្រោយការស្បថឡើង កាន់តំណែង តែប៉ុន្មានម៉ោងប៉ុណ្ណោះ លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសបញ្ឈប់ដំណើរការដកសហរដ្ឋអាមេរិក ចេញពីអង្គការសុខភាពពិភពលោក (WHO)។ លោក ចូ បៃដិន បានអះអាងថា រយៈពេល ១០០ថ្ងៃដំបូងនៃការកាន់អំណាចរបស់លោក គឺជាសង្គ្រាមដើម្បីប្រយុទ្ធនឹង COVID-19។

ប៉ុន្តែទន្ទឹមគ្នាលោកក៏បានព្រមានផងដែរថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 អាចនឹងកើនលើស ៦០០,០០០នាក់ និងបានជំរុញឱ្យសភាទាំង២របស់សហរដ្ឋអាមេរិក ពន្លឿនការអនុម័តផែនការកញ្ចប់ថវិកា ១.៩ទ្រីលានដុល្លាររបស់លោក ដើម្បីប្រយុទ្ធប្រឆាំង COVID-19 និងគាំទ្រដល់ជីវភាពប្រជាជនអាមេរិក៕