(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានអនុម័តការតែងតាំងលោកស្រី ជែនែត យែលលែន (Janet Yellen) ជារដ្ឋមន្រ្តីរតនាគារទី ៧៨ របស់សហរដ្ឋអាមេរិកហើយ ដែលធ្វើឲ្យលោកស្រីក្លាយជាស្ត្រីដំបូងបំផុត សម្រាប់តំណែងនេះក្នុងប្រវត្តិសាស្ត្ររយៈពេល ២៣២ឆ្នាំកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១។
នៅមុនការបោះឆ្នោតអនុម័តខាងលើ មេដឹកនាំព្រឹទ្ធសភាសំឡេងភាគច្រើន មកពីគណបក្សប្រជាធិបតេយ្យ លោក ឆាក់ ស្កាំមើ (Chuck Schumer) បានកត់សម្គាល់ថា លោកស្រី Yellen មានការគាំទ្រពីគណៈបក្សទាំងពីរ ព្រោះលោកស្រីមានបទពិសោធន៍ដ៏គួរឲ្យចាប់អារម្មណ៍ ហើយការគាំទ្រឲ្យតែងតាំងលោកស្រី បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា តើលោកស្រីស័ក្តិសមយ៉ាងណា ដើម្បីគ្រប់គ្រងការប្រកួតប្រជែងសេដ្ឋកិច្ច នៅសម័យកាលរបស់យើង ជាពិសេសអំឡុងពេលនៃវិបត្តិសេដ្ឋកិច្ចនេះ។
មុនពេលមានការអនុម័តពីសមាជិកព្រឹទ្ធសភាទាំងមូល លោកស្រី Yellen បានទទួលការគាំទ្រជាឯកច្ឆន្ទ ពីគណៈកម្មាធិការហិរញ្ញវត្ថុព្រឹទ្ធសភាផងដែរ។
គួរបញ្ជាក់ថា ក្នុងនាមជារដ្ឋមន្រ្តីរតនាគារអាមេរិក លោកស្រី Yellen ដែលមានអាយុ ៧៤ឆ្នាំ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំ និងដឹកនាំគោលនយោបាយសេដ្ឋកិច្ចរបស់លោក ចូ បៃដិន។ លោកស្រី Yellen ចូលបម្រើការងារនៅរតនាគារ បន្ទាប់ពីបានបម្រើកិច្ចការងារផ្នែកសេដ្ឋកិច្ចសំខាន់ៗ អស់រយៈពេលជាច្រើនឆ្នាំ ក្នុងនោះរាប់បញ្ចូលទាំងលោកស្រី ជាស្ត្រីដំបូងបំផុតដែលបម្រើការជា ប្រធានធនាគារកណ្ដាលអាមេរិកចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ កន្លងទៅនេះផងដែរ៕