(អាឡាស្កា)៖ ការសិក្សាថ្មីមួយបានបង្ហាញថា បរិមាណផ្ទាំងទឹកកករបស់ផែនដីយើង សព្វថ្ងៃនេះកំពុងតែជួបប្រទះការរលាយ ក្នុងកម្រិតយ៉ាងឆាប់រហ័សខ្លាំង បើធៀបនឹងកាលពីអំឡុងពាក់កណ្តាលទសវត្សរ៍១៩៩០។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១។

យោងតាមការសិក្សាថ្មីខាងលើ ដែលត្រូវបានចងក្រងដោយ ក្រុមអ្នកវិទ្យាសាស្រ្តនៅចក្រភពអង់គ្លេស និងចេញផ្សាយនៅថ្ងៃចន្ទសប្តាហ៍នេះ ទឹកកកប្រហែល ២៨ទ្រីលានតោនបានរលាយនៅលើផែនដី គិតចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ មកទល់នឹងពេលនេះ។ បើគិតជាអត្រាប្រចាំឆ្នាំ កម្រិតរលាយទឹកកកបច្ចុប្បន្ននេះ ស្ថិតនៅកម្រិត ៥៧ភាគរយលឿនជាង កម្រិតរលាយទឹកកកកាលពីជិត ៣ទសវត្សរ៍មុន។

តាមរយៈការប្រើប្រាស់ទិន្នន័យពីផ្កាយរណបចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៧ ក្រុមអ្នកវិទ្យាសាស្រ្តខាងលើបានគណនាឃើញថា ពិភពលោកបានបាត់បង់ទឹកកកជាមធ្យម ០.៨ទ្រីលានតោនក្នុងមួយឆ្នាំ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ប៉ុន្តែអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះវិញ ផែនដីបានបាត់បង់ទឹកកកជាមធ្យមដល់ទៅ ១.២ទ្រីលានតោនក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា ការសិក្សាជ្រាវជ្រាវជាច្រើនផ្សេងទៀត នាពេលកន្លងមក ដោយក្រុមអ្នកវិទ្យាសាស្រ្តនៅជុំវិញពិភពលោក ក៏បានរកឃើញពីអត្រាគួរឲ្យបារម្ភ នៃការរលាយផ្ទាំងទឹកកកលើផែនដី ក៏ដូចជាការកើនឡើងកម្តៅនៃភពរបស់យើងផងដែរ៕