(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យាវិទ្យាសាស្ត្រអាមេរិច Moderna នៅថ្ងៃចន្្ទនេះបាននិយាយថា ការសិក្សារបស់មន្ទីរពិសោធន៍បានបង្ហាញ វ៉ាក់សាំង Covid-19 របស់ខ្លួននឹងនៅតែអាចប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាទម្រង់ថ្មី ដែលត្រូវបានកំណត់ដំបូង នៅចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានជប៉ុន NDTV នៅយប់ថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១។
លោក Stephane Bancel នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Moderna មានប្រសាសន៍យ៉ាងដូច្នេះថា «យើងត្រូវបានលើកទឹកចិត្ត ដោយទិន្នន័យថ្មីទាំងនេះ ដែលជួយពង្រឹងទំនុកចិត្តរបស់យើងថា វ៉ាក់សាំបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Moderna គួរតែអាចប្រឆាំងនឹងជំងឺ COVID-19 ទម្រង់ថ្មី ដែលទើបតែរកឃើញថ្មីៗនេះ»។
គួរបញ្ជាក់ថា COVID-19 ទម្រង់ថ្មី ឬមានលេខកូតសម្គាល់ B.1.1.7 ត្រូវបានគេជឿជាក់ថា មានសមត្ថភាពចម្លងជំងឺបានយ៉ាងឆាប់រហ័ស ពោលគឺ ៧០ភាគរយលើស COVID-19 បច្ចុប្បន្ន ហើយកុមារអាចនឹងប្រឈមមុខ នឹងការឆ្លងវីរុសទម្រង់ថ្មីនេះខ្ពស់ជាងគេ។ ទោះជាយ៉ាងណា ទាំងក្រុមហ៊ុន AstraZeneca ក៏ដូចជាក្រុមហ៊ុន Moderna ជាដើមសុទ្ធតែ ជឿជាក់ថា វ៉ាក់សាំងខ្លួន មានប្រសិទ្ធភាពអាចបង្ការជំងឺ COVID-19 ទម្រង់ថ្មីនេះបាន៕