(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃចន្ទនេះបាននិយាយថា សហរដ្ឋអាមេរិកជារឿយៗ តែងតែបញ្ជូននាវា ក៏ដូចជាយន្តហោះរបស់ខ្លួន ចូលទៅក្នុងដែនសមុទ្រចិនខាងត្បូង ដើម្បីបង្អួតសាច់ដុំ ហើយនេះគឺមិនល្អសម្រាប់សន្តិភាពនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១។
ក្រុមនាវាដឹកយន្តហោះអាមេរិកមួយក្រុម ដែលដឹកនាំដោយនាវាដឹកយន្តហោះចម្បាំងអាមេរិក USS Theodore Roosevelt អមដោយនាវាចម្បាំងចំនួន ៣គ្រឿងទៀត បានចូលដល់សមុទ្រចិនខាងត្បូង កាលពីថ្ងៃសៅរសប្តាហ៍កន្លងទៅ ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព នៃសមុទ្រ ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Joe Biden ចូលកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។
ឆ្លើយតបនឹងសកម្មភាពខាងលើ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃនេះថា «សហរដ្ឋអាមេរិកតែងតែបញ្ជូនយន្ដហោះនិងនាវាទៅកាន់សមុទ្រចិនខាងត្បូង ដើម្បីបង្ហាញសាច់ដុំរបស់ខ្លួន។ ប៉ុន្តែទាំងនេះ គឺមិនអំណោយផលសោះឡើយ ចំពោះសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់នោះទេ»។
គួរបញ្ជាក់ថា ចិនតែងតែត្អូញត្អែរម្តងហើយម្តងទៀត អំពីវត្តមានរបស់នាវាកងទ័ពជើងទឹកអាមេរិក ដែលបានចូលទៅកៀកកោះដែលខ្លួនកាន់កាប់នៅសមុទ្រចិនខាងត្បូង ខណៈដែលប្រទេសវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ប្រ៊ុយណេ និងតៃវ៉ាន់ សុទ្ធតែអះអាងថាខ្លួនមានចំណែក៕