(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៉ីរ៉ង់បាននិយាយនៅថ្ងៃចន្ទនេះថា អ៉ីរ៉ង់នឹងវិលត្រឡប់ទៅគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ ប្រសិនបើសហរដ្ឋអាមេរិក យល់ព្រមដកទណ្ឌកម្មចេញពីប្រទេសរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១។
អ្នកនាំពាក្យក្រសួងការបរទេស លោក Saeed Khatibzadeh បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ នៅថ្ងៃនេះថា «យើងបានប្រកាសជំហររបស់យើងរួចហើយ។ យើងត្រូវតែមើលឃើញពីការដកទណ្ឌកម្ម និងការអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព ពីសំណាក់ភាគីសហរដ្ឋអាមេរិក និងភាគីដទៃទៀត»។
អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ប្រសិនបើសហរដ្ឋអាមេរិកប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ខ្លួន ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ (JCPOA) ដោយព្រមដកទណ្ឌកម្មចេញពីប្រទេសអ៊ីរ៉ង់ ដូច្នេះភាគីអ៊ីរ៉ង់ក៏នឹងវិលត្រឡប់ទៅប្រកាន់ភ្ជាប់ចំពោះកាតព្វកិច្ចរបស់ខ្លួនដែរ។
គួរបញ្ជាក់ថា អតីតប្រធាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងខាងលើ ជាផ្លូវការកាលពីខែឧសភា ឆ្នាំ២០១៨កន្លងទៅ ហើយបានដាក់ទណ្ឌកម្មជាឯកតោភាគី លើទីក្រុងតេហេរ៉ង់។ ដើម្បីឆ្លើយតបនឹងទណ្ឌកម្មរបស់អាមេរិក អ៉ីរ៉ង់បានរំលោភកិច្ចព្រមព្រៀងជាច្រើនចំណុច៕