(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃចន្ទនេះបានរាយការណ៍ពីការរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗចំនួន ១៨៧ករណីបន្ថែមទៀត ខណៈអ្នកជំងឺ ០២នាក់ទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១។
អ្នកនាំពាក្យរបស់ CCSA លោក Apisamai Srirangsan បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ក្នុងចំណោមករណីឆ្លងទាំង ១៨៧ករណីខាងលើ មាន ១៧៧ករណី គឺជាករណីឆ្លងក្នុងស្រុក ដែលក្នុងនោះមាន ១៦៦ករណីត្រូវបានគេរកឃើញនៅទីក្រុងបាងកក (Bangkok), ខេត្តសាមុត សាខន (Samut Sakhon) និងបណ្ដាខេត្តដទៃទៀត ខណៈ១០ករណីផ្សេងទៀត ជាករណីនាំចូល ត្រូវបានគេរកឃើញនៅលើអ្នកដំណើរដែលមកពីបរទេស។ ចំណែកឯអ្នកស្លាប់ទាំង ០២នាក់ខាងលើ មា្នក់គឺជាបុរសជនជាតិអង់គ្លេស អាយុ ៦១ឆ្នាំនៅទីក្រុងបាងកក និងម្នាក់ទៀតជាស្ត្រីជនជាតិថៃ អាយុ ៥៦ឆ្នាំនៅខេត្តសាមុត សាខន។
គួរបញ្ជក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១៣,៦៨៧ករណី ក្នុងនោះមានអ្នកស្លាប់ ៧៥នាក់ និងអ្នកជាសះស្បើយ ១០,៦៦២នាក់៕