Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឆ្មាំសមុទ្រប្រទេសក្រិកប្រទះឃើញ សាកសពអតីតរដ្ឋមន្ត្រីមួយរូប នៅតំបន់ឆ្នេរនៃទីក្រុង Eretria

25-01-2021 18:02

(អាតែន)៖ អតីតរដ្ឋមន្ត្រីសណ្ដាប់ធ្នាប់សាធារណៈនៃប្រទេសក្រិក លោក សៃហ្វៃស៍ វ៉ាលីរ៉ាគីស (Sifis Valyraki) ត្រូវបានឆ្មាំការពារដែនសមុទ្រក្រិក ប្រទះឃើញដេកស្លាប់នៅឯតំបន់ឆ្នេរសមុទ្រមួយ ស្ថិតក្នុងទីក្រុង អេរីទ្រា (Eretria) កាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅល្ងាចថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១។

បើតាមភរិយារបស់លោក Sifis Valyrakis អតីតរដ្ឋមន្ត្រីរូបនេះបានធ្វើដំណើរចាកចេញពីទីក្រុង Eretria កាលពីរសៀលថ្ងៃដដែល ដោយជិះទូកមួយគ្រឿង ហើយក្រោយមកត្រូវគេប្រទះឃើញស្ថិតនៅក្បែរលើកោះ អាស្ព្រូនីស៊ី (Aspronisi)។ មន្ត្រីឆ្មាំសមុទ្រក្រិកបានសន្និដ្ឋានជាបឋមថា លោក Valyrakis មានអាយុ ៧៧ឆ្នាំ អាចដេកលក់ដោយប្រការណាមួយ ហើយធ្លាក់ចូលក្នុងសមុទ្រតែម្ដង។

គួរបញ្ជាក់ថា លោក Sifis Valyrakis ធ្លាប់ជាអ្នកតស៊ូមួយរូប ប្រឆាំងនឹងអតីតរបបយោធាផ្ដាច់ការក្រិក កាលពីចន្លោះឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧៤។ លោកបានក្លាយជារដ្ឋមន្ត្រីសណ្ដាប់ធ្នាប់សាធារណៈក្រិក ចាប់ពីខែមីនា ឆ្នាំ១៩៩៥ ដល់ខែមករា ឆ្នាំ១៩៩៦៕