(ញូដេលី)៖ ប្រភពពីមន្ត្រីយោធា និងប្រព័ន្ធផ្សព្វផ្សាយនានាបានឲ្យដឹងនៅថ្ងៃចន្ទនេះថា កងទ័ពឥណ្ឌា និងកងទ័ពចិនបានផ្ទុះអំពើហិង្សាដាក់គ្នា នៅឯព្រំដែនជម្លោះក្នុងតំបន់ជួរភ្នំហិមាល័យ ហើយបង្កឲ្យមានអ្នករងរបួសទាំងសងខាង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១។
ការផ្ទុះអំពើហិង្សារវាងយោធាប្រទេសទាំងពីរ បានកើតឡើងកាលពីសប្តាហ៍មុននៅតំបន់ ណាគូ ឡា (Naku La) ក្នុងរដ្ឋ ស៊ីកគីម (Sikkim) ស្ថិតនៅតំបន់ចុងភាគឦសានប្រទេសឥណ្ឌា ដោយកងទ័ពល្បាតចិនត្រូវបានភាគីឥណ្ឌាអះអាងថា បានឆ្លងចូលទៅខាងទឹកដីឥណ្ឌា ហើយត្រូវកងទ័ពឥណ្ឌាបង្ខំឲ្យចេញទៅវិញ។ តំបន់នេះតភ្ជាប់រដ្ឋ Sikkim ទៅកាន់តំបន់ទីបេរបស់ប្រទេសចិន។
ភាពតាននៅព្រំដែនចិន-ឥណ្ឌាបានកើនឡើងកម្តៅខ្លាំង កាលពីពាក់កណ្តាលឆ្នាំ២០២០ នៅពេលកងយោធាប្រទេសទាំងពីរបានវាយតប់គ្នាដោយដៃ និងដំបងឈើ នៅតំបន់ព្រំដែនវិវាទដែលស្ថិតនៅទាំងភាគពាយ័ព្យ និងភាគឦសានឥណ្ឌា ហើយបណ្តាលឲ្យម្ខាងៗស្លាប់កងទ័ពទៀតផង។ ពេលនោះភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមក ហើយបញ្ជូនកម្លាំងទ័ពរៀងៗខ្លួនបន្ថែមទៅកាន់តំបន់ព្រំដែន។
គួរបញ្ជាក់ថា ភាគីចិនមិនទាន់ចេញមុខឆ្លើយតប ចំពោះការលើកឡើងពីសំណាក់ឥណ្ឌានៅឡើយទេ។ ទោះជាយ៉ាងណា រយៈពេលជាច្រើនខែមកហើយ យោធាចិន និងឥណ្ឌាបានបន្តកិច្ចខិតខំប្រឹងប្រែងចរចាគ្នា ដើម្បីបន្ធូរបន្ថយភាពតានតឹងផងដែរ៕