(កូឡុំបូ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃចន្ទនេះថា ក្រសួងអភិរក្សសត្វព្រៃស្រីលង្កា នឹងធ្វើជំរឿនសត្វដំរី នៅទូទាំងប្រទេសនៅឆ្នាំ២០២១នេះ ដើម្បី កំណត់ចំនួនសត្វដំរី នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១។
មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងអភិរក្សសត្វព្រៃ លោក Bandula Harischandra បានគូសបញ្ជាក់ថា ការធ្វើជំរឿនសត្វដំរី ត្រូវបានធ្វើឡើងម្ដងរួចហើយ កាលពីឆ្នាំ២០១១ ហើយគេប៉ាន់ស្មានថា ប្រទេសស្រីលង្កា មានសត្វដំរីចំនួន ៥,១៧៩ក្បាល។
ប៉ុន្តែ ស្រីលង្កាកាលពីឆ្នាំ២០២០ បានកត់ត្រាអំពីសត្វដំរីចំនួន ៤០៧ក្បាល បានងាប់ ដែលនេះជាការបាត់បង់សត្វដំរីប្រចាំឆ្នាំខ្ពស់បំផុតទី១។ ចំណែកឯ មនុស្ស១២២នាក់ បានស្លាប់ ហើយដែលនេះជាចំនួនមនុស្សស្លាប់ប្រចាំឆ្នាំខ្ពស់បំផុតទី២ នៅលើពិភពលោក ដោយសារតែជម្លោះសត្វដំរី និងមនុស្ស។
គួរបញ្ជាក់ថា ការសម្លាប់សត្វដំរីព្រៃ នៅប្រទេសស្រីលង្កា គឺជាបទល្មើសព្រហ្មទណ្ឌ ប៉ុន្តែមានសេចក្តីរាយការណ៍ជាទៀងទាត់ថា អ្នកភូមិមានការខឹងសម្បារ ដោយបានសម្លាប់ ពួកវាដោយការបំពុល ឬបាញ់៕