(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) នៅថ្ងៃចន្ទនេះបានទទួលរងសម្ពាធសាជាថ្មី ជុំវិញការដោះស្រាយវិបត្តិ COVID-19 ខណៈការស្ទង់មតិថ្មីមួយបង្ហាញថា វិធានការឆ្លើយតបនៃរដ្ឋាភិបាលរបស់លោក ប្រឆាំងនឹងជំងឺរាតត្បាតសកលមួយនេះ មានភាពយឺតយ៉ាវ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១។
សមាជិកសភាមកពីគណបក្សប្រឆាំងក៏បានបង្ហាញការខកចិត្ត ចំពោះការដឹកនាំរបស់លោក Suga ផងដែរ ដោយពួកគេស្នើឱ្យលោកផ្ដល់ចម្លើយបញ្ជាក់បន្ថែម ទៅនឹងសំនួរពាក់ព័ន្ធនឹងវិបត្តិ COVID-19 និងកីឡាអូឡាំពិកទីក្រុងតូក្យូ ដែលគ្រោងនឹងចាប់ផ្ដើមនៅរយៈពេលមិនដល់ ០៦ខែខាងមុខនេះ។ បើតាមការស្ទង់មតិធ្វើឡើងដោយសារព័ត៌មាន អាសាហ៊ិ (Asahi) រដ្ឋាភិបាលរបស់លោក Suga បានបាត់បង់ការគាំទ្រពី ៣៩ភាគរយកាលពីខែធ្នូ ឆ្នាំ២០២០ មកនៅត្រឹម ៣៣ភាគរយប៉ុណ្ណោះ គិតត្រឹមថ្ងៃចន្ទសប្តាហ៍ថ្មីនេះ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers ជប៉ុនបច្ចុប្បន្នមានករណីឆ្លង COVID-19 សរុប ៣៦០,៦៦១នាក់ ក្នុងនោះស្លាប់ ៥,០១៩នាក់ និងជាសះស្បើយឡើងវិញ ២៩០,៥៤២នាក់៕