(ប៉េកាំង)៖ ក្នុងថ្ងៃអាទិត្យនេះកម្មករសរុបកើនដល់ចំនួន ១១នាក់ត្រូវបានជួយសង្រ្គោះ បន្ទាប់ពីជាប់ខ្លួននៅក្រោមដីអស់១៤ថ្ងៃ ក្រោយហេតុការណ៍ផ្ទុះអណ្តូងរ៉ែមាសមួយកន្លែង នៅខេត្តសានទុង (Shandong) ភាគឦសានប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១។
កាលពីវេលាព្រឹកថ្ងៃអាទិត្យកម្មករម្នាក់ដំបូងគេ ត្រូវបានជួយសង្រ្គោះចេញពីទីតាំងមួយនៃអណ្តូងរ៉ែ ដែលកម្មករម្នាក់នោះស្ថិតនៅ តែឯង។ ក្រោយមក កម្មករ៣នាក់ទៀតត្រូវបានសង្រ្គោះចេញពី ទីតាំងដាច់ដោយឡែកមួយទៀតនៃអណ្តូងរ៉ែ ហើយនៅវេលារសៀលនេះ កម្មករ៧នាក់ថែមទៀត ត្រូវបានជួយសង្រ្គោះចេញពីទីតាំងដដែល។ នៅកន្លែងទី២នេះ មានកម្មករសរុប១០នាក់។
គួរបញ្ជាក់ថា កម្មករសរុប២២នាក់បានជាប់នៅក្រោមដី ក្នុងអណ្តូងរ៉ែហ៊ូសាន (Hushan) កាលពីថ្ងៃទី១០ ខែមករា ក្នុងតំបន់ឈីសៀ (Qixia) ដែលជាតំបន់ធំមួយខាងផលិតមាសនៃខេត្តសានទុង។ ក្នុងចំណោមកម្មករទាំង២២នាក់ កម្មករម្នាក់ត្រូវគេដឹងច្បាស់ថាបានបាត់បង់ជីវិត ហើយ១០នាក់មិនអាចត្រូវក្រុមសង្រ្គោះទាក់ទងជាមួយបាន៕