(គូឡាឡាំពូរ)៖ អាជ្ញាធរដែនសមុទ្រម៉ាឡេស៉ីបានចាប់ឃាត់ខ្លួន អ្នកនេសាទជនជាតិវៀតណាមចំនួន១៦នាក់ និងរឹបអូសទូកចំនួន២គ្រឿង ដោយសារតែមូលហេតុថា ពួកគេបានបំពានចូលដែនសមុទ្ររបស់ប្រទេសម៉ាឡេស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១។
ទីភ្នាក់ងារ MMEA របស់ម៉ាឡេស៉ីបានបញ្ជាក់ថា ក្រុមអ្នកនេសាទវៀតណាមខាងលើ ហើយនិងទូករបស់ពួកគេ ត្រូវឃាត់ខ្លួនបាននៅក្បែររដ្ឋតេរែងហ្គានូ (Terengganu) ដែលស្ថិតនៅបណ្តោយឆ្នេរភាគខាងកើតប្រទេសម៉ាឡេស៉ី កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ អាជ្ញាធរម៉ាឡេស៉ី បានធ្វើការឆែកឆេរទូកនេសាទវៀតណាមទាំង២គ្រឿង ហើយរកឃើញថា អ្នកនេសាទទាំង១៦នាក់នៅលើនោះ មិនមានឯកសារបញ្ជាក់អត្តសញ្ញាណ ឬមួយក៏អាជ្ញាបណ្ណអនុញ្ញាតឲ្យធ្វើសកម្មភាពនេសាទនៅក្នុងដែនទឹករបស់ម៉ាឡេស៉ីឡើយ។
គួរបញ្ជាក់ថា ម៉ាឡេស៉ីនិងវៀតណាម ស្ថិតក្នុងចំណោមបណ្តាប្រទេស ដែលទាមទារចំណែកកាន់កាប់ផ្នែកនៃសមុទ្រចិនខាងត្បូង ដែលជា ផ្លូវទឹកដ៏សំខាន់មួយលើពិភពលោក៕