(វ៉ាស៊ីនតោន)៖ ពិធីករទូរទស្សន៍ និងវិទ្យុអាមេរិកជើងចាស់ដ៏ល្បីឈ្មោះមួយរូប លោក Larry King បានទទួលមរណភាពហើយ ក្នុងវ័យ៨៧ឆ្នាំ បន្ទាប់ពីមានជំងឺរុំារ៉ៃ អស់រយៈពេលជាច្រើនឆ្នាំមកនេះ។ នេះបើតាមការបញ្ជាក់ពីក្រុមគ្រួសាររបស់លោក ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sky News នៅថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១។
នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែករបស់ខ្លួន ក្រុមហ៊ុន Ora Media ក៏បានបញ្ជាក់ដែរថា លោក Larry King បានទទួលមរណភាពនៅព្រឹកថ្ងៃសៅរ៍នេះ នៅឯមន្ទីរពេទ្យ Cedars-Sinai Medical Center ក្នុងទីក្រុង ឡូស អាន់ជែលឡែស រដ្ឋកាលីហ្វ័រញ៉ា ជាទីដែលលោកបានសម្រាកព្យាបាលកាលពីចុងខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19។
គួរបញ្ជាក់ថា លោក Larry King ចាប់ផ្ដើមមានឈ្មោះបោះសំឡេងក្នុងឆ្នាំ១៩៧០ ជាមួយកម្មវិធីរបស់លោកមានឈ្មោះថា The Larry King Show ដែលលោកផ្ទាល់គឺ ជាពិធីករប្រចាំវិទ្យុ Mutual Broadcasting System៕