(ព្យុងយ៉ាង)៖ មន្រ្តីស៊ើបការណ៍សម្ងាត់អាមេរិក ទៅលើប្រទេសកូរ៉េខាងជើង បាននិយាយថា ទីក្រុងព្យុងយ៉ាងបានអនុវត្ត គោលនយោបាយអភិវឌ្ឍន៍សព្វាវុធជាប្រចាំ អស់រយៈពេល ៣០ឆ្នាំមកហើយ ដោយប្រទេសនេះយកឱកាសចរចាផ្នែកការទូត ដើម្បីសម្ងំអភិវឌ្ឍសព្វាវុធ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១។
មន្រ្តីស៊ើបការណ៍សម្ងាត់របស់អាមេរិក ទៅលើប្រទេសកូរ៉េខាងជើង លោក ស៊ីដនី សីឡឺ (Sydney Seiler) បានគូសបញ្ជាក់ប្រាប់ មជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្រ្ត និងការសិក្សាអន្តរជាតិថា «រាល់ទំនាក់ទំនងនៅក្នុងផ្នែកការទូត ត្រូវបានរៀបចំឡើង ដើម្បីបន្តកម្មវិធីនុយក្លេអ៊ែរ មិនមែនដើម្បីស្វែងរកផ្លូវចេញនោះទេ...»។ មន្រ្តីរូបនេះ ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា កម្លាំងការពារជាតិដែលកូរ៉េខាងជើង បានប្រឹងប្រែងអភិវឌ្ឍកន្លងមកនេះ គឺមានច្រើនជាងអ្វីដែលត្រូវការ ព្រោះប្រទេសនេះមានចេតនា ចង់ឲ្យគេទុកខ្លួនឲ្យនៅតែម្នាក់ឯង ប៉ុន្តែដោយសារតែប្រការនេះហើយ ទើបហានិភ័យលេចឡើង។
មុននេះ អ្នកនាំពាក្យសេតវិមានអាមេរិក លោកស្រី ចេន ផ្សាគី (Jen Psaki) បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងតំបន់ ដើម្បី «រារាំង» ទីក្រុងព្យុងយ៉ាង។ រដ្ឋបាលរបស់លោក បៃដិន ទំនងជាបន្តប្រើប្រាស់ទណ្ឌកម្មផ្នែកការទូត ប្រឆាំងនឹងសត្រូវអាមេរិក ក្នុងនោះរួមទាំងកូរ៉េខាងជើងផងដែរ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែមានឱកាស អាចផ្ទុះសង្គ្រាមជាមួយកូរ៉េខាងជើង ព្រោះសង្គ្រាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣) បានបិទបញ្ចប់ទៅត្រឹមបទឈប់បាញ់គ្នាប៉ុណ្ណោះ មិនមែនសន្ធិសញ្ញាសន្តិភាព ជាអចិន្រ្តៃយ៍នោះឡើយ។ កាលពីឆ្នាំ២០១៨ ប្រទេសកូរ៉េទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាស បិទបញ្ចប់សង្គ្រាមជាប្រវត្តិសាស្ត្រ តែទោះជាយ៉ាងណា ទំនាក់ទំនងពីរឆ្នាំកន្លងមកនេះ បានថយចុះវិញយ៉ាងគំហុក៕