(វ៉ាស៊ីនតោន)៖ កងកម្លាំងឆ្មាំជាតិអាមេរិកចន្លោះពី ១៥០-២០០នាក់ ដែលត្រូវបានដាក់ពង្រាយក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពនៅថ្ងៃលោក ចូ បៃដិន ស្បថឡើងកាន់តំណែងនោះ ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19។ នេះបើតាមមន្ត្រីអាមេរិកម្នាក់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១។
មន្ត្រីអាមេរិកខាងលើដដែល ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា ចំនួនឆ្មាំជាតិដែលឆ្លង COVID-19 អាចនឹងកើនឡើង ប៉ុន្តែវានៅតែជាចំនួនតិចតួចនៅឡើយ នៅក្នុងចំណោមឆ្មាំជាតិសរុបច្រើនជាង ២៥,០០០នាក់ ដែលត្រូវបានដាក់ពង្រាយក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពនៅថ្ងៃលោក ចូ បៃដិន ស្បថឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិកទី ៤៦ កាលពីថ្ងៃទី២០ ខែមករាកន្លងទៅនេះ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប ២៥,៣៩០,០៤២ករណី ក្នុងនោះស្លាប់ ៤២៤,១៧៧នាក់ ជាសះស្បើយឡើងវិញ ១៥,២២២,៧១៩នាក់៕