(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានបោះឆ្នោតទទួលស្គាល់ជាផ្លូវការហើយ លោក Lloyd Austin ជារដ្ឋមន្ត្រីការពារជាតិអាមេរិកថ្មី ក្រោម រដ្ឋបាលរបស់ លោកប្រធានាធិបតី ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១។
លោក Lloyd Austin ដែលបានចូលនិវត្តន៍ពីយោធាអាមេរិក កាលពីឆ្នាំ២០១៦ ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសមាជិកព្រឹទ្ធសភាមកពី គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ក្នុងសំឡេងគាំទ្រ៩៣ ទល់នឹង ២សំឡេងជំទាស់។
គួរបញ្ជាក់ថា តាមរយៈការទទួលស្គាល់របស់ព្រឹទ្ធសភា លោក Austin បានក្លាយជាពលរដ្ឋអាមេរិកដើមកំណើតអាហ្រ្វិកដំបូងគេបំផុត ដែលបានកាន់តំណែងជា រដ្ឋមន្ត្រីការពារជាតិអាមេរិក៕