(កង់បេរ៉ា)៖ រដ្ឋមន្រ្តីក្រសួងអប់រំអូស្រ្តាលី លោក Alan Tudge បានបង្ហើបឲ្យដឹងថា ការវិលត្រលប់របស់និសិ្សតអន្តរជាតិមកកាន់ប្រទេសអូស្រ្តាលីវិញ គឺពឹងផ្អែកទៅលើលទ្ធភាព នៃការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា COVID-19។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១។
លោក Tudge បានគូសបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ABC ថារដ្ឋាភិបាលអូស្រ្ដាលី មិនមានពេលវេលាកំណត់សម្រាប់ដំណើរការអនុញ្ញាតឲ្យ និស្សិតអន្តរជាតិជាច្រើន ចូលមកកាន់ប្រទេសអូស្ត្រាលី វិញទេ។ ប៉ុន្តែ វ៉ាក់សាំងដែលមានប្រសិទ្ធភាព នឹងជួយពន្លឿនដំណើរការនេះ។
លោក Tudge បានគូសបញ្ជាក់ប្រាប់បន្ថែមដូច្នេះថា៖ «ជាធម្មតា យើងមាននិស្សិតប្រហែល ១៨៥,០០០នាក់ ដែលនឹងឆ្លងកាត់ព្រំដែនហើយចូលមកកាន់ ប្រទេសអូស្ត្រាលី ដើម្បីចាប់ផ្តើមឆ្នាំសិក្សារបស់ពួកគេ ហើយប្រហែលជាមានចំនួនដូចគ្នានេះម្តងទៀតនៅពាក់កណ្តាលឆ្នាំនេះ។ ប៉ុន្តែឥឡូវនេះ ពេលណាដែលយើង អាចត្រលប់ទៅស្ថានភាពដូចដើមវិញ ខ្ញុំនៅមិនទាន់ដឹងនៅឡើយទេ»។
លោក Tudge បានសង្កត់ធ្ងន់ទៀតថា៖ «យើងពិតជាទទួលយកនិសិ្សតអន្តរជាតិទាំងនោះពីមួយសប្តាហ៍ទៅមួយសប្តាហ៍ និងពីមួយខែទៅមួយខែ។ ប៉ុន្តែ ជាក់ស្តែង កត្តាធំមួយ ក្នុងការពន្លឿនដំណើរការនេះ គឺត្រូវពឹងផ្អែកលើវ៉ាក់សាំង COVID-19 ថាតើវានឹងមានប្រសិទ្ធភាពយ៉ាងដូចម្តេច។ ពេលនោះហើយដែលយើងប្រហែលជា អាចត្រលប់ទៅដូចកាលនោះ វិញម្តងទៀតបាន»។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសអូស្រ្ដាលី បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៨,៧៥៩ករណី ក្នុងនោះមានអ្នកស្លាប់ ៩០៩នាក់ និងអ្នកជាសះស្បើយ ២៥,៩៦៧នាក់៕