(ប៉េកាំង)៖ ប្រទេសចិនទើបតែបង្ហើប ផែនការស្រាវជ្រាវទីអវកាសថ្មីមួយទៀត នោះគឺការបញ្ជូនបេសកកម្ម ទៅទីអវកាសដើម្បីស្រាវជ្រាវអំពីព្រះអាទិត្យ ដែលជាលើកដំបូងបំផុត សម្រាប់មហាអំណាចលេខ ១ នៅអាស៊ីមួយនេះ។ នេះបើតាមការដកស្រង់ព័ត៌មានពី South China Morning Post នារសៀលថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១។
បេសកកម្មស្រាវជ្រាវព្រះអាទិត្យ ដែលចិនទើបបង្ហើបខាងលើនេះ នឹងត្រូវធ្វើឡើងនៅឆ្នាំ២០២២ ដោយវាមានឈ្មោះសម្គាល់បណ្តោះអាសន្នថា អ្នកអង្កេតព្រះអាទិត្យពីទីអវកាស (Advanced Space-based Solar Observatory ឬ ASO-S)។ វានឹងមិនមែនជាការបញ្ជូនគ្រឿងយន្តអវកាស ដូចដែលអាមេរិក និងអឺរ៉ុបបានធ្វើ ឲ្យហោះទៅកៀកនឹងព្រះអាទិត្យនោះឡើយ ប៉ុន្តែសម្រាប់ចិនវិញ គឺផ្កាយរណបស្រាវជ្រាវថ្មីមួយ នឹងត្រូវបាញ់បង្ហោះឡើងទៅកាន់គន្លងគោចរ ក្នុងរយៈកម្ពស់ ៧២០គីឡូម៉ែត្រពីផ្ទៃផែនដី និងដាក់វាឲ្យដំណើរការនៅទីនោះរយៈពេល ០៤ឆ្នាំ។
បើតាមទីភ្នាក់ងារអវកាសជាតិចិន CNSA ផ្កាយរណប ASO-S នឹងបំពាក់ជាមួយនូវ ឧបករណ៍ចាប់សញ្ញាម៉ាញេទិច (magnetic detector), តេឡេស្កូបអង្កេតព្រះអាទិត្យ និងឧបករណ៍ថតប្រើពន្លឺ X-ray ដើម្បីតាមដានសកម្មភាពនៃដែនម៉ាញេទិចរបស់ព្រះអាទិត្យ ព្រមទាំងព្យុះព្រះអាទិត្យផងដែរ។ បើតាមលោក កាន់ វៃឈុន (Gan Weiqun) ជាប្រធានដឹកនាំបេសកកម្ម នៃក្រុមអ្នកវិទ្យាសាស្ត្រចិនបានអះអាងថា ការស្រាវជ្រាវនេះនឹងមានប្រយោជន៍ ដល់ការព្យាករណ៍អាកាសធាតុ សម្រាប់ភពផែនដីយើង។
គិតចាប់តាំងពីទសវត្សរ៍ ១៩៦០ ផ្ការណបអង្កេតព្រះអាទិត្យសរុបជាង ៧០គ្រឿងហើយ ត្រូវបានបាញ់បង្ហោះ នៅទូទាំងសកលលោក។ ដូច្នេះសម្រាប់បេសកកម្មចិនខាងលើនេះ នឹងជួយឲ្យមហាយក្សអាស៊ីមួយនេះ លោតផ្លោះចូលក្រុមប្រទេស ដែលបាននិងកំពុងស្រាវជ្រាវព្រះអាទិត្យ យ៉ាងសកម្មស្រាប់នោះគឺ សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប។
គួរបញ្ជាក់ថា គ្រឿងយន្តអវកាសចិន ASO-S ខាងលើនេះ នឹងធ្វើការអង្កេតព្រះអាទិត្យ នៅក្នុងរយៈពេល ៤០ម៉ោងជាប់ៗគ្នាតែម្តង នៅពេលវាឡើងទៅដល់ទីអវកាស។ វានឹងអាចជួយផ្តល់សញ្ញាព្រមានទុកជាមុន សម្រាប់ចលនាកញ្ជ្រោលនៃព្រះអាទិត្យ ដែលមានឥទ្ធិពលអាក្រក់ដល់ផែនដី។ ការជះចេញនូវអណ្តាតភ្លើងដ៏កញ្ជ្រោល (Solar flares) និងការជះចេញនូវអណ្តាតភ្លើងរាងពងក្រពើ (coronal mass ejections) គឺជាបាតុភូតព្យុះព្រះអាទិត្យដ៏អាក្រក់បំផុត កើតចេញពីដែនម៉ាញេទិចដ៏ខ្លាំងក្លា ចេញពីស្នូលរបស់ព្រះអាទិត្យ។
នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបានសិក្សាដឹងថា ព្រះអាទិត្យមានវដ្តរបស់វាយ៉ាងទៀងទាត់ នៅក្នុងរយៈពេល ១១ឆ្នាំម្តង។ ១១ឆ្នាំម្តងនោះ គឺការបញ្ចេញនូវសកម្មភាពដ៏ខ្លាំងក្លា នៅស្រទាប់ក្រៅរបស់ព្រះអាទិត្យ។ បើតាមការគណនារបស់ក្រុមអ្នកវិទ្យាសាស្ត្រ នៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ ខាងមុខនេះ គឺដល់ពេលដែលព្រះអាទិត្យ ចាប់ផ្តើមវដ្តនៃការចលនាកញ្ជ្រោលរបស់ខ្លួនហើយ៕