(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិក នឹងចាប់ផ្ដើមបើកសវនាការជំនុំជម្រះលើ «ដំណើរការកាត់ទោសអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ » នៅសប្ដាហ៍ទី២ នៃខែកុម្ភៈខាងមុខនេះ។ នេះបើតាមលោក Charles Schumer ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១។
លោក Charles Schumer ជាប្រធានព្រឹទ្ធសភាអាមេរិកសំឡេងភាគច្រើន មកពីគណបក្សប្រជាធិបតេយ្យ ធ្វើការប្រកាសខាងលើ បន្ទាប់ពីសភាតំណាងរាស្ត្រអាមេរិក សម្រេចចិត្តថា ពួកគេនឹងបញ្ជូនមាត្រានៃដំណើរការកាត់ទោសលោក ដូណាល់ ត្រាំ ទៅកាន់ព្រឹទ្ធសភា នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ។ សភាតំណាងរាស្ត្រអាមេរិក គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃទី១៣ ខែមករា កន្លងទៅ បានបោះឆ្នោតគាំទ្រលើដំណើរការកាត់ទោស ឬចោទប្ដឹងដកតំណែងលោក ដូណាល់ ត្រាំ ក្នុងសំឡេងគាំទ្រ ២៣២ ទល់នឹង១៩៧សំឡេងជំទាស់។
លោក ត្រាំ បានក្លាយជាប្រធានាធិបតីដំបូងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវគេចោទប្ដឹងដកតំណែងដល់ទៅ ២លើក។ ដំណោះស្រាយនេះទៀតសោត ធ្វើឡើងដោយក្រុមអ្នកប្រជាធិបតេយ្យ បានចោទប្រកាន់លោក ត្រាំ ថាបានញុះញង់ឱ្យក្រុមកុបករគាំទ្ររូបលោក វាយប្រហារលើវិមានសភា កាលពីថ្ងៃទី៦ ខែមករា ដែល បណ្ដាលឱ្យមនុស្ស ៥នាក់ស្លាប់។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានចប់អាណត្តិជាប្រធានាធិបតីទៅហើយ កាលពីថ្ងៃទី២០ ខែមករា ដែលនេះមានន័យថាដំណើរការចោទប្ដឹងដកតំណែងលោក ត្រាំ គ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ ដ្បិតជាទូទៅ គេមិនអាចដកតំណែងមនុស្សម្នាក់ ដែលឈប់ធ្វើជាប្រធានាធិបតីនោះទេ។ ម្យ៉ាងវិញទៀត ដើម្បីកាត់ទោសលោក ត្រាំគេត្រូវរកឱ្យបានសំឡេងគំាទ្រ ២ភាគ៣ ឬមានន័យថាទាល់តែសមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋយ៉ាងហោច ១៧នាក់ ចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ។
ក៏ប៉ុន្តែ នៅក្នុងករណីដែលលោក ត្រាំ ត្រូវបានកាត់ទោសពិតមែន នោះលោក នឹងបាត់បង់អត្ថប្រយោជន៍នានាសម្រាប់អតីតប្រធានាធិបតី រីឯព្រឹទ្ធសភាត្រូវបានគេរំពឹងថាអាចនឹងធ្វើការបោះឆ្នោតមួយផ្សេងទៀត ដើម្បីសម្រេចថាតើពួកគេ ត្រូវហាមមិនឱ្យលោក ត្រាំ ឈរឈ្មោះជាប្រធានាធិបតីសាជាថ្មី ឬក៏យ៉ាងណា៕