(ព្រុចសែល)៖ អង្គការ NATO បានប្រកាសស្វាគមន៍ចេតនារបស់ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) នៅក្នុងការបន្តសុពលភាព សន្ធិសញ្ញានុយក្លេអ៊ែរ New START ជាមួយប្រទេសរុស្ស៊ីសម្រាប់រយៈពេល ០៥ឆ្នាំទៀត ខណៈសន្ធិសញ្ញាចាស់នឹងត្រូវផុតកំណត់ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១នេះហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១។
សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី ឬ New START បានតម្រូវឲ្យប្រទេសមហាអំណាចយោធាកំពូលៗទាំងពីរ គឺសហរដ្ឋអាមេរិក និងសហព័ន្ធរុស្ស៊ី អាចដាក់ពង្រាយគ្រាប់នុយក្លេអ៊ែរម្ខាងៗតែ ១,៥៥០គ្រាប់។ ប្រសិនបើសន្ធិសញ្ញានេះមិនត្រូវបានបន្តទេនោះ សហរដ្ឋអាមេរិក និងសហព័ន្ធរុស្ស៊ី នឹងអាចគ្រប់គ្រងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយមិនចាំបាច់មាន ការត្រួតពិនិត្យទៀតនោះឡើយ។
ជុំវិញចេតនាខាងលើនេះ ប្រធានអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) លោក ជែនស៍ ស្តូលធិនប៊ឺក (Jens Stoltenberg) បានលើកឡើងថា «ខ្ញុំស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់ លោកប្រធានាធិបតី ចូ បៃដិន និងចេតនារបស់លោកក្នុងការបន្តសុពលភាព នៃសន្ធិសញ្ញា New START។ ខ្ញុំបានលើកឡើងជាច្រើនដងមកហើយថា យើងមិនគួរបិទបញ្ចប់អ្វីមួយ នៅក្នុងស្ថានការណ៍ដែលគ្មានកិច្ចព្រមព្រៀងនោះឡើយ ជាពិសេសគឺគ្មានការកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ»។
គួរបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានអំពីលោក ចូ បៃដិន មានចេតនាបន្តសុពលភាពសន្ធិសញ្ញា New START នោះ ប្រទេសរុស្ស៊ីបានប្រកាសស្វាគមន៍ ហើយទីក្រុងម៉ូស្គូក៏បានបន្ថែមទៀតដែរថា ការត្រូវបន្តឬមួយក៏យ៉ាងណានោះ គឺត្រូវរង់ចាំមើលសេចក្តីលម្អិត នៅក្នុងសំណើបន្តសន្ធិសញ្ញានោះជាមុនសិន។ រុស្ស៊ីក៏កំពុងរង់ចាំពេលវេលាសមរម្យមួយ ដែលអាចបើកចរចាលើបញ្ហានេះ ជាមួយសហរដ្ឋអាមេរិកផងដែរ៕