(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នឹងចាប់ផ្តើមធ្វើការត្រួតពិនិត្យ និងពិចារណាទៅលើវ៉ាក់សាំងបង្ការ COVID-19 ចំនួនពីរនៅសប្តាហ៍ក្រោយនេះ ដើម្បីដាក់ឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់។ នេះបើតាមការបញ្ជាក់ពីលោកស្រី ម៉ារីអ៊ែនជែឡា ស៊ីម៉ាវ ( Mariangela Simao) ជំនួយការអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) ដែលត្រូវបានដកស្រង់ដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១។
ប្រទេសចិនបានបញ្ជូនបេក្ខភាពវ៉ាក់សាំងរបស់ខ្លួនចំនួនពីរ នោះគឺមួយផលិតដោយក្រុមហ៊ុន Sinopharm (ត្រូវបានអាជ្ញាធរចិនទទួលស្គាល់ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងករណីបន្ទាន់រួចហើយ) និងមួយទៀតជារបស់ក្រុមហ៊ុន Sinovac ដែលត្រូវបានប្រទេសធំៗជាច្រើនអនុម័តឲ្យប្រើ និងបញ្ជាទិញជាបណ្តើរៗផងដែរ។
បើតាមការបញ្ជាក់ពីលោកស្រី Simao អង្គការ WHO ក៏កំពុងគិតគូរក្នុងអនុញ្ញាតឲ្យប្រើវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ដែលមានរោងចក្រផលិតនៅកូរ៉េខាងត្បូង និងឥណ្ឌាផងដែរ។ ដោយឡែកសម្រាប់ចិនវិញបានសន្យាថា ខ្លួនមានវ៉ាក់សាំង COVID-19 រាប់លានដូសរួចជាស្រេច សម្រាប់ធ្វើការចែកចាយក្នុងករណីដែល WHO អនុម័តឲ្យប្រើវ៉ាក់សាំងទាំងនេះក្នុងករណីបន្ទាន់៕