(ម៉ូស្គូ)៖ មនុស្សជំនិតមួយចំនួនរបស់មេបក្សប្រឆាំងរុស្ស៊ី លោក Alexei Navalny កំពុងប្រឈមមុខជាប់ពន្ធនាគារ ឬការពិន័យជាប្រាក់ បន្ទាប់ពីពួកគេបានអំពាវនាវឱ្យ អ្នកគាំទ្ររបស់ខ្លួន ចូលរួមក្នុងបាតុកម្មតវ៉ាមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។
មនុស្សជំនិតរបស់លោក Navalny មានគម្រោងរៀបចំបាតុកម្មតវ៉ាមួយ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ នៅតាមទីក្រុងជាច្រើនក្នុងប្រទេសរុស្ស៊ី ដើម្បីសម្ដែងការគាំទ្រដល់ លោក Navalny ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ បន្ទាប់ពីលោកត្រឡប់ចូលស្រុកវិញ កាលពីសប្ដាហ៍មុន។ មនុស្សជំនិតមេបក្សប្រឆាំងរូបនេះ ដូចជាសកម្មជនលោកស្រី Lyubov Sobol និងអ្នកនាំពាក្យរបស់លោក គឺលោកស្រី Kira Yarmysh ត្រូវបានអាជ្ញាធររុស្ស៊ីឃុំខ្លួន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ពីបទអំពាវនាវឱ្យប្រជាជនទាំងអស់ ចូលរួមក្នុងបាតុកម្មតវ៉ា ដោយបំពានលើច្បាប់ហាមឃាត់ការជួបជុំ កំឡុងការឆ្លងរាតត្បាត COVID-19។ បទចោទនេះអាចឱ្យលោកស្រី Sobol មានអាយុ៣៣ឆ្នាំ ប្រឈមមុខនឹងការពិន័យជាប្រាក់ ៤,០០០ដុល្លារ ឬអាចជាប់ពន្ធនាគាររយៈខ្លីក៏ថាបាន។
គួរបញ្ជាក់ថា មេដឹកនំាគណបក្សប្រឆាំងធំបំផុតនៅក្នុងប្រទេសរុស្ស៊ី លោក Alexei Navalny ត្រូវបានប៉ូលិសរុស្ស៊ីចាប់ខ្លួនភ្លាមៗ បន្ទាប់ពីជិះយន្ដហោះពីប្រទេសអាល្លឺម៉ង់ ត្រលប់មកដល់ទីក្រុងម៉ូស្គូវិញ កាលពីថ្ងៃទី១៧ ខែមករាកន្លងទៅនេះ ដោយវាមានរយៈពេល ០៥ខែក្រោយពីលោកប៊ិះបាត់បង់ជីវិត ដោយសារត្រូវគេលួចបំពុល។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការចាប់ខ្លួនលោក Alexei Navalny ហើយពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលទីក្រុងម៉ូស្គូ ដោះលែងរូបលោកជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់៕