(វ៉ាស៉ីនតោន)៖ ប្រធានសំឡេងភាគតិចនៃព្រឹទ្ធសភាអាមេរិក លោក មីច មែកខូននែល (Mitch McConnell) បានចេញមុខរិះគន់ប្រធានាធិបតី លោក ចូ បៃដិន ជុំវិញការចេញបទបញ្ជាប្រតិបត្តិជាច្រើននៅថ្ងៃដំបូង ដើម្បីប្រែក្រឡាស់នយោបាយក៏ដូចជាការសម្រេចផ្សេងៗ កាលពីអំឡុងអាណត្តិរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។
លោក McConnell ដែលបានបាត់បង់ឋានៈជា ប្រធានសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភាក្រោយរយៈពេល៦ឆ្នាំ កាលពីថ្ងៃទី២០ ខែមករា បន្ទាប់ពីសមាជិកព្រឹទ្ធសភា៣រូបនៃគណបក្សប្រជាធិបតេយ្យ បានស្បថចូលកាន់តំណែង។ លោក McConnel បាននិយាយយ៉ាងដូច្នេះថា «នៅថ្ងៃដំបូងបំផុតរបស់រដ្ឋបាលលោក ចូ បៃដិន រដ្ឋបាលអាមេរិកថ្មីនោះបានបោះជំហានធំៗមួយចំនួន ឆ្ពោះទៅរកទិសដៅខុស»។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ នៅប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយស្បថចូលកាន់តំណែង លោក បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិសរុបចំនួន១៧ ក្នុងនោះ៩បទបញ្ជាពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍ ហើយក៏បានបញ្ជាឲ្យនាំសហរដ្ឋអាមេរិកចូលរួមក្នុងអង្គការ WHO និងសន្ធិសញ្ញាទីក្រុងប៉ារីសស្តីពីបញ្ហាបម្រែបម្រួលធាតុអាកាសផងដែរ៕