(ប៊ូដាប៉េស)៖ ទីបំផុតហុងគ្រីក្លាយជាប្រទេសដំបូង នៅក្នុងសហភាពអឺរ៉ុប ដែលបានចុះហត្ថលេខាទិញវ៉ាក់សាំង COVID-19 ឈ្មោះ Sputnik V ពីប្រទេសរុស្ស៊ីជាផ្លូវការ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។
នៅក្នុងកិច្ចព្រមព្រៀងតាមរយៈវីដេអូអនឡាញ រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក ភីតឺ ហ្សៃចាតូ (Peter Szijjarto) បានលើកឡើងថា វ៉ាក់សាំងរបស់ប្រទេសរុស្ស៊ី នឹងមកដល់ប្រទេសហុងគ្រីបីដំណាក់កាល ប៉ុន្តែសម្រាប់ចំនួន និងពេលវេលាជាក់លាក់នោះ គឺមិនទាន់ត្រូវបានបញ្ជាក់នោះទេ។
គួរបញ្ជាក់ កិច្ចព្រមព្រៀងរវាងហុងគ្រី និងរុស្ស៊ីខាងលើនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសអឺរ៉ុបមួយនេះ បានអនុម័តឲ្យប្រើវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca និងរុស្ស៊ី Sputnik V។ ហុងគ្រីត្រូវបានគេមើលឃើញថា កំពុងប្រយុទ្ធប្រឆាំង COVID-19 យ៉ាងខ្លាំងក្លាយ ដើម្បីឈានទៅរកការបើកប្រទេស និងជំរុញអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ៕