(ប៉េកាំង)៖ ប្រទេសចិនបានរាយការណ៍ជាលើកដំបូង នូវការរកឃើញករណីឆ្លងជាចង្កោមនៃ COVID-19 លើកម្មករជាច្រើននាក់ ដែលបម្រើការក្នុងរោងចក្រកែច្នៃសាច់មួយកន្លែង ហើយនេះកាន់តែបង្កឱ្យមានការព្រួយបារម្ភរឹតតែខ្លាំង នៅក្នុងចំណោមអ្នកប្រើប្រាស់ ដែលកំពុងបារម្ភស្រាប់ពីសុវត្ថិភាពលើ ចំណីអាហារនាំចូល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។
នៅក្នុងសនិ្នសីទសារព័ត៌មានខ្លីមួយ នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មន្ត្រីសុខាភិបាលចិនបានឱ្យដឹងថា ករណីឆ្លង COVID-19 ចំនួន ១០ករណី (ចេញរោគសញ្ញា) ត្រូវបានរកឃើញនៅក្នុងរោងចក្រដ៏ធំមួយ ដែលសម្លាប់សត្វមាន់ ៥០លានក្បាលក្នុងមួយឆ្នាំ នៅក្នុងទីក្រុងហាពីន (Harbin) ស្ថិតនៅភាគឦសាននៃប្រទេស។
រោងចក្រខាងលើនេះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសម្ព័ន្ធថៃ ចារឿន ផូកផាន់ ឬ CP (Charoen Pokphand)។ ក្រុមមន្ត្រីសុខាភិបាលចិនបានឱ្យដឹងទៀតថា កម្មករ ២៨នាក់ នៅឯរោងចក្រខាងលើ និងសមាជិកគ្រួសាររបស់ពួកគេ ០៣នាក់ទៀត បានឆ្លង COVID-19 (មិនមានចេញរោគសញ្ញា)។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer បច្ចុប្បន្នចិនមានអ្នកឆ្លង COVID-19 សរុប ៨៨,៨០៤ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៤,៦៣៥នាក់ និងជាសះស្បើយឡើងវិញ ៨២,៤៩៥នាក់៕