(វៀងច័ន្ទ)៖ អាជ្ញាធរឡាវបានប្រកាសថា អ្នកឆ្លងជំងឺ COVID-19 ចំនួនពីរនាក់ថ្មីទៀតត្រូវបានរកឃើញ ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះ កើនឡើងដល់ ៤៣ករណី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។
បើតាមអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលឡាវលោក ភូថុន មឿងប៉ាក់ (Phouthone Meaungpak) បានគូសបញ្ជាក់ថា ករណីវិជ្ជមានចំពោះ COVID-19 ទាំងពីរនាក់ខាងលើនេះ គឺសុទ្ធតែជាករណីនាំចូលពីប្រទេសថៃ ដោយក្នុងនោះម្នាក់គឺជាស្ត្រីវ័យ ៣៣ឆ្នាំ រស់នៅខេត្តចម្ប៉ាសាក់ ភាគខាងត្បូងប្រទេសឡាវ និងម្នាក់ទៀតជាបុរសវ័យ ២៩ឆ្នាំរស់នៅខេត្ត បូកែវ (Bokeo) ស្ថិតនៅភាគខាងជើង។
គួរបញ្ជាក់ថា ឡាវគឺជាប្រទេសដែលមានករណីឆ្លង COVID-19 តិចតួចជាងគេបំផុត ប្រចាំតំបន់អាស៊ាន និងពិភពលោកផងដែរ។ គិតត្រឹមថ្ងៃសុក្រនេះ ឡាវមានករណីឆ្លង COVID-19 សរុប ៤៣ករណី ក្នុងនោះជាសះស្បើយឡើងវិញ ៤១ករណី និង ០២ករណីថ្មីខាងលើនេះកំពុងស្ថិតក្នុងការព្យាបាល៕