(វ៉ាស៊ីនតោន)៖ សមាជិកសភាតំណាងរាស្ត្រអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោកស្រី Marjorie Greene នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាលោកស្រី បានដាក់ជូននូវមាត្រាច្បាប់ចោទប្ដឹងដកតំណែងប្រធានាធិបតី លោក ចូ បៃដិន ទៅកាន់សភាតំណាងរាស្ត្រហើយ មួយថ្ងៃបន្ទាប់ពីលោកស្បថចូលកាន់តំណែង។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន The Hill នៅថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។
អត្ថបទនៃមាត្រាច្បាប់របស់លោកស្រី Greene មិនបានបញ្ជាក់លម្អិតពីបទល្មើសជាក់លាក់ណាមួយ ដែលអាចចោទប្ដឹងដកតំណែងលោក ចូ បៃដិន បាននោះទេ។ ប៉ុន្តែ លោកស្រីបានចោទប្រកាន់លោក បៃដិន ថាបានរំលោភអំណាច និងពុករលួយ អំឡុងពេលលោកនៅកាន់តំណែងជាអនុប្រធានាធិបតីអាមេរិករបស់លោក បារ៉ាក់ អូបាម៉ា ដោយបើកដៃឱ្យកូនប្រុសរបស់លោក ឈ្មោះ Hunter កាន់តំណែងជាក្រុមប្រឹក្សាភិបាល នៅក្នុងក្រុមហ៊ុនមួយរបស់អ៊ុយក្រែន។
ការប្រកាសខាងលើរបស់លោកស្រី Greene កើតមានឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីសភាតំណាងរាស្ត្រអាមេរិក គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បោះឆ្នោតចោទប្ដឹងដកតំណែងលោក ដូណាល់ ត្រាំ ជាលើកទី២ ពីបទញុះញង់ឱ្យក្រុមកុបករគាំទ្ររូបលោកវាយប្រហារលើវិមានសភា កាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ ដោយបណ្ដាលឱ្យមនុស្ស ៥នាក់ស្លាប់។ ប៉ុន្តែ សភាតំណាងរាស្ត្រ មិនទាន់បញ្ជូនមាត្រាច្បាប់ចោទប្ដឹងលោក ត្រាំ ទៅកាន់ព្រឹទ្ធសភានៅឡើយទេ ខណៈបច្ចុប្បន្ន ទាំងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា សុទ្ធតែស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យ។
គួរបញ្ជាក់ថា លោក ចូ បៃដិន ធ្លាប់បានបដិសេធជាច្រើនលើកមកហើយថាលោកមិនបានប្រើឥទ្ធិពល ឬក៏គំនាបនយោបាយណាមួយលើរដ្ឋាភិបាលអ៊ុយក្រែន ដើម្បី ការពារមុខជំនួញកូនប្រុសរបស់លោកនោះទេ។ លើសពីនេះទៅទៀត ការស៊ើបអង្កេតមួយ របស់ព្រឹទ្ធសភាអាមេរិកគ្រប់គ្រងដោយបក្សសាធារណរដ្ឋ កាលពីឆ្នាំ២០២០ កន្លងទៅ ក៏មិនបានរកឃើញភស្តុតាងណាមួយបង្ហាញថាលោក បៃដិន រំលោភអំណាច ឬពុករលួយដូចការចោទប្រកាន់នោះដែរ៕