(តៃប៉ិ)៖ ប្រធានចរចាផ្នែកពាណិជ្ជកម្មរបស់កោះតៃវ៉ាន់នៅថ្ងៃសុក្រនេះ បាននិយាយថា តៃវ៉ាន់ដឹងច្បាស់ថាពុំអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភ្លាមៗនោះទេ ប៉ុន្តែលោកជឿជាក់ថា នៅពេលវេលាសមស្របនោះ វានឹងទទួលបានជោគជ័យពុំខាន។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។
លោក ចន ដេង (John Deng) ប្រធានចរចាពាណិជ្ជកម្មរបស់តៃវ៉ាន់ បានលើកឡើងថា រដ្ឋាភិបាលតៃវ៉ាន់ដឹងយ៉ាងច្បាស់ថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយភាគីណាមួយ គឺជាបញ្ហាធំមួយរបស់សហរដ្ឋអាមេរិក ជាពិសេសនោះជាមួយរដ្ឋាភិបាលថ្មី ដែលទើបនឹងឡើងកាន់អំណាចថែមទៀត។
បើតាមលោក ដេង តៃវ៉ាន់យល់ច្បាស់ពីនយោបាយរបស់អាមេរិក ហើយក៏មិនមានក្តីស្រមៃមិនអាចទៅរួចណាមួយដែរ ដោយរដ្ឋាភិបាលថ្មីអាមេរិកមានអាទិភាពរបស់ខ្លួន ហើយពិតណាស់តៃវ៉ាន់យល់អំពីបញ្ហានេះ ប៉ុន្តែលោកជឿជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងអាចកើតឡើងបាន ទោះមិនក្នុងពេលឆាប់ៗក៏ដោយ។
គួរបញ្ជាក់ថា ខណៈតៃវ៉ាន់គឺជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកក៏ដោយ ប្រទេសជាច្រើនព្រួយបារម្ភរជុំវិញការចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយដែនកោះនេះឡើយ ដោយសារខ្លាចពិបាកមើលមុខចិន ដែលចាត់ទុកតៃវ៉ាន់ជាខេត្តមួយប៉ុណ្ណោះរបស់ខ្លួន។ ទោះជាបែបនេះក្តី បច្ចុប្បន្នតៃវ៉ាន់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសិង្ហបុរីនិងនូវែលសេឡង់៕