(វ៉ាស៊ីនតោន)៖ អ្វីដែលមិនបានកើតឡើងជាប់លាប់ នៅក្នុងអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ពេលនេះកំពុងចាប់ផ្តើមអនុវត្តយ៉ាងម៉ឺងម៉ាត់ នៅក្នុងរដ្ឋបាលថ្មីរបស់លោក ចូ បៃដិន ដោយមន្ត្រី និងភ្ញៀវនានាដែលចូលក្នុងអគារសេតវិមាន ត្រូវតែពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពពីគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។
លោក ចូ បៃដិន កំពុងតែចាត់ទុកអំឡុងពេល ១០០ថ្ងៃដំបូង នៃការកាន់អំណាចរបស់លោក ដោយរាប់ចាប់ពីថ្ងៃស្បថឡើងកាន់តំណែង កាលពីថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ គឺជាពេលធ្វើសង្គ្រាមដើម្បីប្រយុទ្ធនឹង ជំងឺរាតត្បាតសកល COVID-19។ ជាការពិតណាស់ ការដោះស្រាយបញ្ហា COVID-19 ដោយអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងនោះបូករួមទាំងកម្មវិធី ចែកចាយវ៉ាក់សាំងនៅទូទាំងសហរដ្ឋអាមេរិកផងដែរ ត្រូវបានលោក ចូ បៃដិន ចាត់ទុកថា «ជាភាពបរាជ័យដ៏គួរឲ្យភ័យខ្លាច»។
មន្ត្រីមួយរូបដែលកំពុងបម្រើការងារជូនលោក ចូ បៃដិន និងធ្លាប់ជាលេខាទទួលបន្ទុកឆ្លើយឆ្លងព័ត៌មាន នៅក្នុងអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា គឺលោក ប៊ិន ឡាបូលត៍ (Ben LaBolt) បានលើកឡើងថា «សោកនាដកម្មដ៏ធំមួយរបស់រដ្ឋបាល ត្រាំ នោះគឺការបដិសេធមិនទទួលស្គាល់ ជនជាតិអាមេរិកាំងជាច្រើន ដែលបានយកគំរូតាមឥរិយាបទ នៃការដឹកនាំរបស់យើង»។ ការពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ត្រូវបានរដ្ឋបាលថ្មីរបស់លោក ចូ បៃដិន ចាត់ទុកជាជំហានសំខាន់ដំបូង ដែលត្រូវតែអនុវត្ត ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ ២៥,១៩៦,០៨៦ករណី ក្នុងនោះមាន អ្នកស្លាប់សរុបចំនួន ៤២០,២៨៥នាក់ និងជាសះស្បើយឡើងសរុប ១៥,១០០,៩១១លាននាក់។ អ្នកជំនាញកំពូលនៅអាមេរិក លោក អាន់ថូនី ហ្វូស៊ី បានព្រមាននៅថ្ងៃដដែលនោះថា ចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក នឹងឈានដល់ចំណុចកំពូលនៅក្នុងពេលឆាប់ៗ៕