(ញូយ៉ក)៖ សន្ធិសញ្ញាស្ដីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ បានចូលជាធរមានហើយនៅថ្ងៃសុក្រនេះ ក្រោមការអបអរសាទរយ៉ាងខ្លាំងពីសំណាក់សម្ដេចសង្ឃកាតូលិក ប៉ាប ហ្វ្រង់ស៊ីស និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បើទោះជាសន្ធិសញ្ញានេះ មិនមានការចុះហត្ថលេខារបស់បណ្ដាប្រទេសមហាអំណាចនុយក្លេអ៊ែរ សំខាន់ៗ នៅលើពិភពលោកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។
គិតត្រឹមខែតុលា ឆ្នាំ២០២០កន្លងទៅ មានប្រទេសចំនួន៥០ បានចុះហត្ថលេខាផ្ដល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ ដែលដំបូងឡើយត្រូវបានអនុម័ត ដោយប្រទេសចំនួន១២២ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១៧។ សន្ធិសញ្ញានេះត្រូវចូលជាធរមាននៅថ្ងៃសុក្រនេះតែម្ដង ឬ៩០ថ្ងៃរាប់ចាប់ពី ប្រទេសទី៥០ បានចុះហត្ថលេខាផ្ដល់សច្ចាប័ន។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ គឺមានចំនួន៩ ដូចជា សហរដ្ឋអាមរិក, រុស្ស៊ី, ចិន, បារាំង,ឥណ្ឌា,អ៉ីស្រាអែល,កូរ៉េខាងជើង, ប៉ាគីស្ថាន និងចក្រភពអង់គ្លេស។ សហរដ្ឋអាមេរិក និងរុស្ស៊ី កាន់កាប់ដោយបូកបញ្ចូលគ្នាស្មើ៩០ភាគរយ នៃអាវុធនុយក្លេអ៊ែរនៅលើពិភពលោក ហើយប្រទេសទាំងនេះ ភាគច្រើន បានអះអាងថាអាវុធនុយក្លេអ៊ែរ ដែលពួកគេមានស្រាប់ គឺដើម្បីរក្សាតុល្យភាពនុយក្លេអ៊ែរប៉ុណ្ណោះ ខណៈប្រទេសខ្លះទៀតបដិសេធចុះហត្ថលេខា លើសន្ធិញ្ញានេះ ដោយបញ្ជាក់ថា ពួកគេបានចូលរួមរួចទៅហើយ ក្នុងសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ។ ចំណែកឯជប៉ុន ដែលជាប្រទេសតែមួយគត់ បានភ្លក្សរសជាតិអាវុធនុយក្លេអ៊ែរ ក៏មិនបានចុះហត្ថលេខាលើសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរនេះដែរ ដោយសំអាងថាខ្លួនសង្ស័យពីប្រសិទ្ធភាព និងការអនុវត្ដ ដោយសារតែមិនមានការចូលរួមពីមហាអំណាចនុយក្លេអ៊ែរ នានា៕