(ប្រេស៊ីឡា)៖ រដ្ឋាភិបាលប្រេស៊ីលបានប្រកាស នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីល) ថា វ៉ាក់សាំងទប់ស្កាត់ COVID-19 ប្រមាណ ០២លានដូស របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ត្រូវបានកំណត់រួចហើយថា នឹងមកដល់ប្រទេសប្រេស៊ីល នៅក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។
រដ្ឋាភិបាលប្រេស៊ីលបានថ្លែងថា ការមកដល់នៃវ៉ាក់សាំងនៅថ្ងៃសុក្រសប្តាហ៍នេះ ពិតជារឿងចាំបាច់ណាស់ ក្នុងការជំរុញកម្មវិធីចាក់វ៉ាក់សាំង របស់ប្រទេសធំជាងគេ ប្រចាំនៅតំបន់អាមេរិកឡាទីនមួយនេះ។ ក្រសួងសុខាភិបាលប្រេស៊ីល បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វ៉ាក់សាំង COVID-19 ចំនួន ០២លានដូសនឹងមកដល់ប្រេស៊ីលនៅល្ងាចថ្ងៃសុក្រ»។
គួរបញ្ជាក់ថា វ៉ាក់សាំងខាងលើនេះកាលពីដំបូងឡើយ ត្រូវបានគ្រោងដឹកមកឥណ្ឌា កាលពីសប្តាហ៍មុននេះ ប៉ុន្តែដោយសារបញ្ហាមួយចំនួននៅឥណ្ឌា ទើបពេលវេលាត្រូវបានអូសបន្លាយ។ ប្រធានាធិបតីប្រេស៊ីលលោក ហ្សែរ បូលសូណារ៉ូ ( Jair Bolsonaro) បានលើកឡើងថា ការពន្យារពេលនេះក៏ព្រោះតែរដ្ឋាភិបាលឥណ្ឌា បាននិងកំពុងរងសម្ពាធពីសំណាក់ប្រជាជនក្នុងស្រុក ឲ្យធ្វើការគិតគូរចែកចាយវ៉ាក់សាំង ក្នុងប្រទេសឥណ្ឌាជាមុន មុននឹងនាំចេញទៅបរទេស៕