(បាកដាដ)៖ ក្រុមភេរវករ ISIS បានចេញមុខអះអាងថា សកម្មភាពវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត ០២ករណី នៅផ្សារមួយកន្លែងក្នុងរដ្ឋធានីបាកដាដ នៃប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ ៣២នាក់ និងរបួស ១១០នាក់ គឺជាទង្វើរបស់ពួកគេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។
ក្រសួងមហាផ្ទៃអ៉ីរ៉ាក់បានរៀបរាប់ពីហេតុការណ៍ខាងលើថា ជាដំបូងភេរវករទីមួយបានធ្វើពុតជាឈឺ ហើយទាក់ទាញការចាប់អារម្មណ៍ពី ហ្វូងមនុស្ស នៅក្នុងផ្សារដ៏អ៊ូអរមួយកន្លែងនៅតំបន់ទីលាន តាយ៉ារ៉ាន (Tayaran Square) នៃទីក្រុងបាកដាដ ហើយបន្ទាប់មកជនរូបនោះ ក៏បានបំផ្ទុះខ្សែគ្រាប់បែក ដែលពាក់ជាប់ខ្លួនតែម្តង។ នៅពេលអ្នកផ្សេងទៀតបាននាំគ្នា មកជួយជនរងគ្រោះនៅកន្លែងកើតហេតុ ភេរវករម្នាក់ទីពីរក៏បានបំផ្ទុះខ្លួនឯងថែមមួយទៀត។
បើតាមក្រសួងសុខាភិបាលអ៉ីរ៉ាក់ អ្នកដែលបាត់បង់ជីវិត គឺបានស្លាប់នៅកន្លែងរងការវាយប្រហារតែម្តង រីឯអ្នកដែលរងរបួសភាគច្រើន គឺបានទទួលការព្យាបាល និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យវិញហើយ។ នៅព្រឹកថ្ងៃសុក្រនេះ ក្រុមភេរវករ ISIS បានចេញមុខអះអាងថា ការបំផ្ទុះគ្រាប់បែកអត្តឃាត ទាំងពីរករណីជាទង្វើរបស់ខ្លួន។
គួរបញ្ជាក់ថា បើគិតចាប់តាំងពីការថយចុះឥទ្ធិពលរបស់ក្រុម ISIS តាំងតែពីចុងឆ្នាំ២០១៧មក សកម្មភាពបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុង ទីក្រុងបាកដាដគឺជារឿងដ៏កម្រមួយ៕