(តូក្យូ)៖ ចំនួនអ្នកធ្វើអត្តឃាត ឬបញ្ចប់ជីវិតខ្លួនឯងនៅក្នុងប្រទេសជប៉ុន បានកើនឡើងជាថ្មីអំឡុងឆ្នាំ២០២០កន្លងទៅ ដោយសារតែបញ្ហាតានតឹងផ្លូវចិត្ត, វិបត្តិហិរញ្ញវត្ថុ និងការបាត់បង់ការងារធ្វើ ដែលបង្កឡើងដោយការឆ្លងរាតត្បាត COVID-19។ នេះបើតាមរបាយការណ៍ថ្មីមួយ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។
របាយការណ៍បឋមខាងលើ ដែលត្រូវបានបញ្ចេញដោយស្ថាប័នប៉ូលិសជប៉ុន នៅថ្ងៃសុក្រនេះបានឱ្យដឹងថា ចំនួនអ្នកធ្វើអត្តឃាតនៅទូទាំងប្រទេស កាលពីឆ្នាំ២០២០ បានកើនដល់ ២០,៩១៩នាក់ ពោលគឺច្រើនជាង ៧៥០នាក់ បើធៀបទៅនឹងតួលេខកាលពីឆ្នាំ២០១៩ ហើយបើគិតពីភេទវិញ គឺមនុស្សស្រីធ្វើអត្ដឃាតច្រើនជាងមនុស្សប្រុស។ មនុស្សប្រុស ១៣,៩៤៣នាក់ បានធ្វើអត្តឃាតកាលពីឆ្នាំ២០២០ (ធ្លាក់ចុះមួយភាគរយ) ខណៈមនុស្សស្រី ៦,៩៧៦នាក់បានបញ្ចប់ជីវិតខ្លួនឯង (កើនឡើងដល់ទៅ ១៤.៥ភាគរយ)។
គួរបញ្ជាក់ថា បើតាមរបាយការណ៍ដដែល អាត្រាអ្នកសម្លាប់ខ្លួនក្នុងប្រទេសជប៉ុន បានធ្លាក់ចុះនៅឆមាសដំបូងក្នុងឆ្នាំ២០២០។ ប៉ុន្តែចាប់តាំងពីខែកក្កដា ឆ្នាំដដែលមក ចំនួនអ្នកធ្វើអត្តឃាត បានកើនឡើងជាបន្តបន្ទាប់ ដោយសារតែបញ្ហាតានតឹងផ្លូវចិត្ត ជាពិសេសគឺវិបត្តិហិរញ្ញវត្ថុ និងបាត់បង់ការងារធ្វើ ដែលបង្កឡើងដោយការឆ្លងរាតត្បាត COVID-19។ ការកើនឡើងនៃចំនួនអ្នកធ្វើអត្តឃាតនេះទៀតសោត ក៏បានបិទបញ្ចប់ការធ្លាក់ចុះ ១០ឆ្នាំជាប់ៗគ្នានៃអាត្រាអ្នកធ្វើអត្តឃាត ក្នុងប្រទេសជប៉ុន គិតចាប់តាំងពីឆ្នាំ២០០៩ មកដល់ឆ្នាំ២០១៩ផងដែរ៕