(ចិន)៖ យន្តហោះដឹកអ្នកដំណើរខ្នាតធំ ដែលប្រទេសចិន អភិវឌ្ឍន៍ឡើងដោយខ្លួនឯងនោះ បានទទួលជោគជ័យហើយ ក្នុងការហោះហើរសាកល្បង នៅតំបន់មានអាកាសធាតុត្រជាក់ខ្លាំង នាទីក្រុង Hulunbuir ភាគខាងជើង តំបន់ស្វ័យភាព Inner Mongolia Autonomous Region របស់ចិន, នេះបើតាមការបញ្ជាក់ ពីមន្ត្រីក្នុងតំបន់ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ។
ការហោះហើរសាកល្បង ដែលរៀបចំឡើង ដើម្បីបញ្ជាក់ពីដំណើរការនៃប្រព័ន្ធ និងឧបករណ៍យន្តហោះ នៅក្នុងអាកាសធាតុត្រជាក់ខ្លាំងនោះ មានរយៈពេល២០ថ្ងៃ នៅទីក្រុង Hulunbuir ដោយសីតុណ្ហភាពហោះហើរសាកល្បងទាបបំផុត គឺ-៤០អង្សាសេ។
ទីក្រុង Hulunbuir ត្រូវបានគេជ្រើសរើស សម្រាប់ការហោះហើរសាកល្បង ដោយសារទីក្រុងមួយនេះ ត្រូវបានគេដឹងថា មានអាកាសធាតុត្រជាក់ខ្លាំង ជាមួយនឹងសីតុណ្ហភាពជាមធ្យម -២៥អង្សាសេ នៅអំឡុងពេលរដូវរងា។
C919 គឺជាយន្តហោះ ដែលអភិវឌ្ឍន៍ឡើងជាលើកដំបូងរបស់ចិន បំពាក់កៅអីចម្លោះពី១៥៨ដល់១៧៤កៅអី ហើយអាចហោះហើរបានរយៈចម្ងាយ ពី៤,០៧៥ដល់៥,៥៥៥គីឡូម៉ែត្រ។ យន្តហោះនេះ ត្រូវបានរំកិលចេញពីកន្លែងខ្សែសង្វាក់ផលិតកម្ម ក្នុងឆ្នាំ២០១៥ ហើយបានហោះហើរសាកល្បងជោគជ័យ ជាលើកដំបូង នៅក្នុងឆ្នាំ២០១៧។
យន្តហោះនេះ ត្រូវបានគេរំពឹងថា នឹងទទួលបានវិញ្ញាបនប័ត្រអាកាសចរណ៍ ដោយអាជ្ញាធរអាកាសចរណ៍ ហើយនឹងដាក់ឲ្យប្រើប្រាស់ នៅក្នុងឆ្នាំនេះ៕