(ប៉េកាំង)៖ ប្រទេសចិន បានផ្ញើសារអបអរលោក ចូ បៃដិន ដែលបានក្លាយជាប្រធានាធិបតីអាមេរិកជាផ្លូវការ ជាមួយការអំពាវនាវឱ្យស្ដារឡើងវិញនូវទំនាក់ទំនង រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ដែលបានប្រេះឆាយ៉ាងខ្លាំង ក្រោមរដ្ឋបាលអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានលើកឡើងដូច្នេះថា៖ «ដោយមានកិច្ចសហប្រតិបត្តិការរវាងភាគីទាំង២, ទេពអប្សរចិត្តល្អនៅក្នុងទំនាក់ទំនងចិន-អាមេរិក អាចនឹងយកឈ្នះលើបិសាចចិត្តអាក្រក់»។ លោកស្រីបន្ថែមថា លោក បៃដិន បានប្រើប្រាស់ភាសា «សាមគ្គីភាព» ជាច្រើនលើកកំឡុងថ្លែងសុន្ទរកថាក្នុងពិធីស្បថចូលកាន់តំណែងកាលពីថ្ងៃពុធម្សិលមិញ ហើយភាសានេះឯង គឺជាអ្វីដែលត្រូវការជាចាំបាច់ក្នុងទំនាក់ទំនងចិន-អាមេរិក។
គួរបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏សាទរចំពោះព័ត៌មានដែលថាសហរដ្ឋអាមេរិក បានចូលរួមឡើងវិញជាមួយអង្គការសុខភាពពិភពលោក (WHO) និងកិច្ចព្រមព្រៀងស្ដីពីការប្រែប្រួលអាកាសធាតុទីក្រុងប៉ារីស ផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញជាច្រើន នៅតែយល់ថា រដ្ឋបាលថ្មីរបស់ លោក ចូ បៃដិន នឹងបន្តរក្សាគោលជំហរ និងនយោបាយតឹងរឹងដដែល ទាស់ខុសគ្នាត្រង់វិធីសាស្ត្រប៉ុណ្ណោះ នោះគឺលោក បៃដិន នឹងសហការ ក៏ដូចជាប្រមូលកម្លាំង សម្ព័ន្ធមិត្តដែលបែកបាក់ដោយសារតែគោលនយោបាយ «America First» របស់លោក ត្រាំ សាជាថ្មី ដើម្បីប្រឆាំងនឹងឥទ្ធិពលចិន៕