(បាងកក)៖ នៅក្នុងរបាយការណ៍ COVID-19 សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១នេះ ប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺនេះ ១៤២នាក់ថ្មីទៀត។ នេះបើតាមការដកស្រង់ ចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ ១២៥ករណីជាប្រភេទករណីឆ្លងក្នុងស្រុក និង ១៧ករណីទៀតត្រូវបាននាំចូលពីបរទេស។ សម្រាប់ករណីឆ្លងក្នុងស្រុក ត្រូវបានរកឃើញច្រើនបំផុតនៅក្នុងខេត្ត សាមុត សាខន (៦៣ករណី) ដែលជាទីកន្លែងផ្ទុះករណីឆ្លង COVID-19 រលកទី ២ យ៉ាងគំហុក ខណៈទីក្រុងបាងកកត្រូវបានរាយការណ៍ចំនួន ១៤ករណី។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ១២,៧៩៥ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៧១នាក់ និងជាសះស្បើយឡើងវិញ ៩,៨៤២នាក់។ បច្ចុប្បន្នខេត្តចំនួន ៦៣ ហើយ ក្នុងចំណោមខេត្តសរុបទាំង ៧៧ របស់ប្រទេសថៃ បានកើតមានករណីឆ្លងជំងឺ COVID-19៕