(អាមេរិក)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុមមនុស្សមួយចំនួនបានប្រមូលផ្តុំគ្នានៅទីក្រុងស៉ីអាថល (Seattl)e នៃរដ្ឋវ៉ាស៉ីនតោនរបស់សហរដ្ឋអាមេរិក ហើយបានបង្កការបំផ្លិចបំផ្លាញផ្សេងៗនៅក្នុងទីក្រុង ក៏ដូចជាដុតទង់ជាតិអាមេរិកផងដែរ ដើម្បីសម្តែងការមិនពេញចិត្តជាខ្លាំងរបស់ពួកគេ ក្រោយលោក ចូ បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៦ បន្តពីលោក ដូណាល់ ត្រាំ ដែលបានចាញ់ក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Fox News នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១។
កម្លាំងប៉ូលិសប្រចាំទីក្រុង Seattle បានឲ្យដឹងថា មនុស្សយ៉ាងហោច២នាក់ត្រូវបានចាប់ឃាត់ខ្លួន អំឡុងសកម្មភាពតវ៉ាខាងលើ។ ក្នុងនោះ ម្នាក់ត្រូវបានឃាត់ខ្លួនពីបទបង្កការខូចខាតលើទ្រព្យសម្បតិ្តអ្នកដទៃ និងម្នាក់ទៀតត្រូវបានឃាត់ខ្លួនពីបទប៉ុនប៉ងប្រើអំពើហិង្សា។ ប៉ូលិសក្រុង Seattle ក៏បានបង្ហោះរូបភាពបង្ហាញពីការបំផ្លិចបំផ្លាញ ដែលកើតមានឡើងនៅតាមទីតាំងច្រើនកន្លែងផងដែរ។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន បានស្បថចូលកាន់តំណែងជាផ្លូវការ ក្លាយជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក បន្តពីអតីតប្រធានាធីបតីលោក ដូណាល់ ត្រាំ៕