(តៃវ៉ាន់)៖ ទំនាក់ទំនងរបស់កោះតៃវ៉ាន់ ជាមួយខ្នងបង្អែកធំបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិក ទើបទទួលបានការចាប់ផ្តើមយ៉ាងល្អប្រសើរ ជាមួយរដ្ឋបាលថ្មីរបស់ប្រធានាធិបតី លោក ចូ បៃដិន បន្ទាប់ពីតំណាងរបស់តៃវ៉ាន់ប្រចាំទីក្រុងវ៉ាស៉ីនតោន បានបង្ហាញវត្តមាន ក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក បៃដិន ក្រោមការអញ្ជើញជាផ្លូវការ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១។
លោកស្រី អេមីលី ហន (Emily Horne) អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ នៃសេតវិមានអាមេរិកបាននិយាយថា «ការប្តេជ្ញារបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់ គឺនៅតែរឹងមាំជាទីបំផុត»។ ការលើកឡើងបែបនេះ បានកើតមានឡើងបន្ទាប់ពីអ្នកតំណាងកោះតៃវ៉ាន់ ប្រចាំវ៉ាស៉ីនតោនលោកស្រី ហ្សាវ បាយគីម (Hsiao Bi-khim) បានចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន។ បើតាមលោកស្រី Horne លោកប្រធានាធិបតី បៃដិន នឹងឈរជាមួយមិត្ត ក៏ដូចជាសម្ព័ន្ធមិត្តទាំងអស់របស់អាមេរិក ដើម្បីបង្កើនវិបុលភាព សន្តិសុខ និងគុណតម្លៃរួមនៅឯតំបន់អាស៉ី-ប៉ាស៉ីហ្វិក ហើយវាក៏រួមបញ្ចូលទាំងកោះតៃវ៉ាន់ផងដែរ។
គួរបញ្ជាក់ថា រយៈពេល ០៤ឆ្នាំមកនេះ ក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិកបានបង្កើនការគាំទ្រយ៉ាងខ្លាំងចំពោះតៃវ៉ាន់ តាមរយៈការសម្រុកលក់សព្វាវុធ និងការបញ្ជូនមន្រ្តីជាន់ខ្ពស់ទៅកាន់កោះតៃវ៉ាន់ បើទោះបីជាមានការជំទាស់ និងថ្កោលទោសយ៉ាងណាក៏ដោយ ពីរដ្ឋាភិបាលចិន។ កន្លងមកតៃវ៉ាន់បានបង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនងរវាងភាគីទាំងពីរ នឹងអាចនៅបន្តជិតស្និទ្ធខ្លាំងដដែល ក្រោមរដ្ឋបាលរបស់លោក បៃដិន៕