(អាមេរិក)៖ គ្រឿងយន្តស្រាវជ្រាវដែលមានឈ្មោះថា Parker Solar Probe នៃទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានធ្វើដំណើរហោះឆ្វែលព្រះអាទិត្យម្តងទៀត ខណៈឆ្នាំ២០២១នេះ នឹងជាឆ្នាំដ៏មមាញឹកមួយរបស់វា។ នេះបើតាមការចេញផ្សាយ ដោយវែបសាយព័ត៌មាន Space នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១។
ក្នុងឆ្នាំថ្មីនេះយាន Parker Solar Probe នឹងធ្វើការហោះឆ្វែលព្រះអាទិត្យសរុប ០៤លើក ព្រមទាំងហោះឆ្វែលភពសុក្រ (Venus) ចំនួន ០២លើកផងដែរ។ យាន Parker បានហោះឆ្វែលផ្កាយរបស់យើង កាលពីប៉ុន្មានថ្ងៃមុន នៅរយៈចម្ងាយ ១៣.៥លានគីឡូម៉ែត្រ និងជាមួយល្បឿន ២៩ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង។
បន្ទាប់មកទៀតនៅថ្ងៃទី២០ ខែកុម្ភៈ ខាងមុខនេះ យាន Parker នឹងត្រូវហោះឆ្វែលភពស្រុក មុនពេលហោះឆ្វែលព្រះអាទិត្យម្តងទៀតនៅថ្ងៃទី២៩ ខែមេសា។ ក្រៅពីយាន Parker យានស្រាវជ្រាវមួយទៀត ដែលជាបេសកកម្មរួមរវាងសហរដ្ឋអាមេរិក និងអឺរ៉ុបឈ្មោះ Solar Orbiter កំពុងតែធ្វើការសិក្សាទៅលើព្រះអាទិត្យផងដែរ។
គួរបញ្ជាក់ថា ទន្ទឹមគ្នានឹងវដ្តព្រះអាទិត្យ ដែលគេហៅថា Solar Cycle កំពុងបន្តឈានដល់ដំណាក់កាល ដែលផ្កាយយើងត្រូវមានសកម្មភាពកាន់តែខ្លាំងឡើងៗ ប្រការគឺពិតជាមានអំណោយផល ដល់បេសកកម្មយានទាំងពីរខាងលើ។ ជាទូទៅវដ្តព្រះអាទិត្យមានរយៈពេល ១១ឆ្នាំម្តង។ វាគ្រប់គ្រងលើសកម្មភាពរបស់ព្រះអាទិត្យ ក៏ដូចជាឥទ្ធិពលដែលព្រះអាទិត្យ (ព្យុះអណ្តាតភ្លើងព្រះអាទិត្យ) ជះមកលើផែនដី និងទៅក្នុងប្រព័ន្ធព្រះអាទិត្យទាំងមូល៕