(ប៉េកាំង)៖ អ្នកនាំពាក្យការិយាល័យក្រុមប្រឹក្សារដ្ឋចិន ទទួលបន្ទុកកិច្ចការតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការគប់គិតគ្នារវាង គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) របស់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) ជាមួយកម្លាំងនយោបាយប្រឆាំងចិន នៅក្នុងសហរដ្ឋអាមេរិក ដោយចិនចោទថា អ្វីៗដែល DPP កំពុងធ្វើគឺជាការលក់ប្រយោជន៍ជាតិ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១។
លោកស្រី ជូ ហ្វឹងលៀន (Zhu Fenglian) បានធ្វើការកត់សម្គាល់ដូចខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយ និងជាការឆ្លើយតបទៅនឹងសំនួរ ពាក់ព័ន្ធការគប់គិតគ្នារវាង គណបក្សកាន់អំណាច DPP នៅតៃវ៉ាន់ ជាមួយនិងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នារយៈពេលប៉ុន្មានឆ្នាំមកនេះ ជាពិសេសគឺការបង្កើតទំនាក់ទំនង និងលក់អាវុធឱ្យកោះតៃវ៉ាន់តែម្ដង។
លោកស្រី Zhu បានបន្ថែមថា គណបក្ស DPP បានធ្វើសកម្មភាពបង្ករឿងជាច្រើន តាមរយៈការទាមទារឱ្យឯករាជ្យភាពសម្រាប់តៃវ៉ាន់ និងគាំទ្រកម្លាំងនយោបាយប្រឆាំងចិន នៅក្នុងសហរដ្ឋអាមេរិក ដែលទាំងនេះសុទ្ធតែជាទង្វើលក់ប្រយោជន៍ជាតិ។ លោកស្រី Zhu Fenglian ក៏បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងផងដែរ ចំពោះការដាក់ទណ្ឌកម្មលើក្រុមមន្ត្រីអាមេរិក ក្រោមអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ។
គួរបញ្ជាក់ថា ចិនបានប្រកាសដាក់ទណ្ឌកម្មលើក្រុមមន្ត្រីជាន់ខ្ពស់ នៃរដ្ឋបាលអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជិត ៣០រូប ក្នុងនោះរួមមានទាំងអតីតរដ្ឋមន្ត្រីការបរទេស លោក ម៉ៃក៍ ប៉ុមប៉េអូ ផងដែរ ដោយវាបានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយលោក ចូ បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១៕