(វ៉ាស៊ីនតោន)៖ ខណៈលោក ចូ បៃដិន (Joe Biden) បានដឹកនាំសហរដ្ឋអាមេរិក វិលត្រលប់ទៅរកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុវិញហើយ បន្ទាប់ពីបានស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកជាផ្លូវការ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១។
ភ្លាមៗបន្ទាប់ពីការស្បថចូលកាន់តំណែងជាផ្លូវការ លោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ក្នុងចំណោមបទបញ្ជាប្រតិបត្តិផ្សេងៗជាច្រើនទៀត ដើម្បីចាប់ផ្តើមចូលរួមក្នុង កិច្ចព្រមព្រៀងអាកាសធាតុឆ្នាំ២០១៥ ឡើងវិញ ដោយបានលុបចោលសេចក្តីសម្រេចចិត្តរបស់ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ជុំវិញបញ្ហានេះ នាយកប្រតិបត្តិក្រុមហ៊ុនអភិរក្សបរិស្ថានអន្តរជាតិ ហ្រ្គីនភីស (Greenpeace) លោកស្រី ជែននីហ្វឺ ម័រហ្គែន (Jennifer Morgan) បានលើកឡើងថា «ការចូលរួមក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាថ្មីនេះ គឺជាការប្ដេជ្ញាខ្ពស់ណាស់»។
គួរបញ្ជាក់ថា ដំណើរការចូលរួមក្នុងកិច្ចព្រមព្រៀងអន្តរជាតិជាថ្មីនេះ បានចំណាយពេលតែមួយខែប៉ុណ្ណោះ បន្ទាប់ពីអាមេរិកដកខ្លួនចេញជាផ្លូវការ ពោលគឺវាមានន័យថា សហរដ្ឋអាមេរិកបានចាកចេញពី កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសជាផ្លូវការ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ នោះគឺកាលពីខែវិច្ឆិកា ឆ្នាំ២០២០៕