Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លទ្ធផលស្ទង់មតិនៅអឺរ៉ុប៖ «១០ឆ្នាំទៀតចិននឹងអាចវ៉ាដាច់អាមេរិក ក្លាយជាមហាអំណាចទី១លើលោក, អឺរ៉ុបគួររក្សាជំហរអព្យាក្រឹត»

21-01-2021 11:10

(វ៉ាស៊ីនតោន)៖ ការស្ទង់មតិថ្មីមួយបានឱ្យដឹងថា ប្រជាជនអឺរ៉ុបភាគច្រើនយល់ថា ចិនអាចនឹងវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាមហាអំណាចលេខ ១ លើពិភពលោក នៅរយៈពេល ១០ឆ្នាំខាងមុខ បើទោះបីសហរដ្ឋអាមេរិកពេលនេះ ស្ថិតក្រោមការដឹកនាំរបស់លោក ចូ បៃដិន ក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១។

ការស្ទង់មតិខាងលើធ្វើឡើង និងចេញផ្សាយនៅក្នុងសប្ដាហ៍នេះ ដោយវិទ្យាស្ថាននៃក្រុមប្រឹក្សាអឺរ៉ុប សម្រាប់ទំនាក់ទំនងការបរទេស (ECFR)។ ការស្ទង់មតិដដែល ដែលធ្វើឡើងតាមរយៈការសាកសួរមនុស្ស ១៥,០០០នាក់ នៅក្នុងប្រទេសអឺរ៉ុបចំនួន ១១បានរកឃើញថា មនុស្ស ០៦នាក់ក្នុងចំណោម ១០នាក់ យល់ឃើញថា ចិននឹងវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាមហាអំណាចពិភពលោក នៅរយៈពេលយ៉ាងហោចណាស់ ១០ឆ្នាំខាងមុខ។

វិទ្យាស្ថាន ECFR បានបញ្ជាក់យ៉ាងដូច្នេះថា «តាមរយៈការសិក្សា និងស្ទង់មតិរបស់យើង ការគិតវិជ្ជមានរបស់ប្រជាជនអឺរ៉ុបភាគច្រើន ចំពោះសហរដ្ឋអាមេរិក មានការផ្លាស់ប្ដូរយ៉ាងខ្លាំង។ បច្ចុប្បន្នប្រជាជនក្នុងប្រទេសធំៗ នៅអឺរ៉ុបយល់ឃើញថា ប្រព័ន្ធនយោបាយអាមេរិកបានបែកបាក់ទៅហើយ រីឯចិនវិញនឹងកាន់តែមានឥទ្ធិពល និងអំណាចខ្លាំងជាងសហរដ្ឋអាមេរិក ត្រឹមរយៈពេល ១០ឆ្នាំទៀតប៉ុណ្ណោះ... ដូច្នេះអឺរ៉ុបមិនអាចពឹងលើសហរដ្ឋអាមេរិក ដើម្បីការពារខ្លួនឯងទៀតបានឡើយ»

គួរបញ្ជាក់ថា ការស្ទង់មតិខាងលើធ្វើឡើងលើ ប្រជាជនមកពីប្រទេសចំនួន ១១ ប៉ុណ្ណោះក្នុងទ្វីបអឺរ៉ុបរួមមាន ដាណឺម៉ាក, បារាំង, ចក្រភពអង់គ្លេស, អាល្លឺម៉ង់ ហុងគ្រី, អ៉ីតាលី, ហូឡង់, ប៉ូឡូញ, ព័រទុយហ្គាល់, អេស្ប៉ាញ និងស៊ុយអែត។ នៅពេលត្រូវបានសាកសួរថា តើពួកគេចង់ឱ្យប្រទេសរបស់ខ្លួនធ្វើដូចម្ដេច នៅពេលសហរដ្ឋអាមេរិក ឈានជើងនៅក្នុងជម្លោះណាមួយ ពួកគេបានឆ្លើយថា «ចង់ឱ្យប្រទេសរបស់ខ្លួនរក្សាជំហរអព្យាក្រឹត»៕